ក្លិប Bayern Munich បានតែងតាំងលោក Vincent Kompany ជាគ្រូបង្វឹកថ្មីរបស់ពួកគេលើកិច្ចព្រមព្រៀងរហូតដល់ខែមិថុនា ឆ្នាំ ២០២៧ បន្ទាប់ពីបុរសសញ្ជាតិបែលហ្ស៊ីក បានចែកផ្លូវជាមួយក្លិប Burnley ដែលបានធ្លាក់ចេញពីក្របខណ្ឌ Premier League។
ក្លិប Burnley បានចេញសេចក្តីថ្លែងការណ៍ថា “យើងយល់ពីភាពទាក់ទាញ និងកិត្យានុភាពរបស់ក្លិប Bayern Munich និងគោរពនូវមហិច្ឆតារបស់លោក Vincent ដើម្បីស្វែងរកឱកាសថ្មី។”
រីឯនាយកប្រតិបត្តិក្លិប Bayern Munich លោក Jan-Christian Dreesen បាននិយាយថា “យើងទាំងអស់គ្នា យល់ស្របថា លោក Vincent Kompany គឺជាគ្រូបង្វឹកដ៏ត្រឹមត្រូវ ហើយទន្ទឹងរង់ចាំក្នុងការធ្វើការជាមួយគ្នា” ។
Bayern Munich ដែលឈ្នះពាន Bundesliga ១១ រដូវកាលជាប់ៗគ្នា បានរបូតឱកាសគ្រងជើងឯក ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ពីក្រោយ Bayer Leverkusen និង Stuttgart ។ ពួកគេក៏មិនអាចឈ្នះពានក្នុងស្រុក ឬពានអឺរ៉ុបជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្ស ស្របពេលគ្រូបង្វឹកលោក Thomas Tuchel បានចាកចេញពីតំណែង។ ការមកដល់របស់លោក Kompany បានបញ្ចប់ការស្វែងរកអ្នកស្នងតំណែងរបស់លោក Tuchel យ៉ាងលំបាកអស់រយៈពេលជាច្រើនខែ ។ ជាក់ស្តែង ក្លិប Bayern Munich បានទាក់ទងបេក្ខភាពដែលមានសក្កដានុពលដូចជា លោក Xabi Alonso របស់ Leverkusen អតីតគ្រូបង្វឹកលោក Julian Nagelsmann និងគ្រូបង្វឹកក្រុមអូទ្រីសលោក Ralf Rangnick តែសុទ្ធតែត្រូវបានបដិសេធទាំងអស់។
លោក Vincent Kompany ទើបតែមានអាជីពជាគ្រូបង្វឹករយៈពេលខ្លីប៉ុណ្ណោះ។ បុរសវ័យ៣៨ឆ្នាំ ដែលបានលេង ៣៦០ ប្រកួត សម្រាប់ Man City និងបានឈ្នះពានរង្វាន់ Premier League ចំនួន ៤ បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្លិបបែលហ្ស៊ិក Anderlecht ឆ្នាំ២០២០ ហើយបានចំណាយពេល២ រដូវកាលនៅទីនោះ មុនពេលចូលរួមជាមួយ Burnley ក្នុងឆ្នាំ ២០២២ ដោយបានជួយក្លិបឡើងមកកាន់ក្របខណ្ឌ Premier League នៅរដូវកាល ២០២៣-២៤ តែក៏ត្រូវធ្លាក់ទៅវិញនៅរដូវកាលក្រោយ បន្ទាប់ពីពួកគេបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ១៩។
យ៉ាងណា Bayern Munich សង្ឃឹមថាទស្សនវិស័យរបស់លោក Kompany អាចប្រើប្រាស់បានកាន់តែមានប្រសិទ្ធភាពជាមួយនឹងគុណភាពកីឡាកររបស់ក្រុម ហើយបទពិសោធន៍របស់លោកដែលលេងនៅ Bundesliga រយៈពេល២ឆ្នាំនៅ Hamburger SV អាចនឹងមានលទ្ធផលល្អ៕