×

គ្រូថ្មី Barcelona ថា នឹងប្តេជ្ញាជួយក្រុមឈ្នះពានរង្វាន់ឱ្យបានច្រើន

លោក Hansi Flick គ្រូបង្វឹកថ្មីរបស់ Barcelona បានឱ្យដឹងថា រូបលោកនឹងប្តេជ្ញាជួយក្រុមឈ្នះពានរង្វាន់អោយបានច្រើន ដូចកាលនៅដឹកនាំ Bayern Munich។

ជាការពិត Barcelona បានប្រកាសតែងតាំងលោក Hansi Flick ជាគ្រូបង្វឹកថ្មី ជំនួសលោក Xavi Hernandez ដោយចុះកិច្ចសន្យារយៈពេល ២ឆ្នាំ។ បុរស វ័យ ៥៩ឆ្នាំ នឹងត្រូវចូលជំនួសតំណែងលោក Xavi Hernandez ដែលបានដឹកនាំ Barcelona ចុងក្រោយយកឈ្នះលើ Sevilla ក្នុងលទ្ធផលឈ្នះ ២-១ មុនពេលត្រូវបានបណ្តេញចេញកាលពីសប្តាហ៍មុន។

មកដល់ Barcelona ភ្លាម លោក Hansi Flick បានបង្ហាញអារម្មណ៍រីករាយខ្លាំង និងបានសរសើរដល់ក្លិបថា ជាក្លិបដ៏អស្ចារ្យ ក្នុងប្រវត្តិសាស្ត្របាល់ទាត់។ លោក Flick ប្តេជ្ញាថានឹងជួយក្លិប ឈ្នះពានរង្វាន់ជាច្រើន ឱ្យដូចកាលដែលលោកធ្លាប់បានដឹកនាំក្រុម Bayern Munich អ៊ីចឹងដែរ។

លោក Flick បាននិយាយអោយដឹងថា “ វាពិតជាកិត្តិយសដ៏ធំរបស់ខ្ញុំដែលបានចុះកិច្ចសន្យាជាមួយនឹងក្លិបដ៏អស្ចារ្យមួយ។ ពេលវេលាដែលខ្ញុំបានមកដល់ទីនេះ Barcelona គឺពិតជារឿងដ៏ពិសេស គ្រប់គ្នាស្រលាញ់ក្លិបនេះ ហើយពួកគេតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីជោគជ័យ។”

បុរសជនជាតិអាល្លឺម៉ង់ មិនមានការងារឡើយ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២៣ មកម្ល៉េះ។ លោក Flick កាលនៅ Bayern Munich បានដឹកនាំឈ្នះពានរង្វាន់ UEFA Champions league ដែលជាផ្នែកមួយនៃពានរង្វាន់ ៣ របស់ក្លិប អំឡុងឆ្នាំ ២០២០ មុនពេលទៅដឹកនាំជម្រើសជាតិអាល្លឺម៉ង់ ក្នុងឆ្នាំ ២០២១។ លោក Flick មានឱកាសមកដឹកនាំ Barcelona ដោយមានដំណឹងតាំងពីខែមេសា នៅពេលដែលលោក Xavi ត្រូវបានដឹងថាអាចនឹងមិនបន្តកិច្ចសន្យា ក្រោយពេលការប្រកាសចុះចេញពីតំណែង។ ដំបូងឡើយលោក Xavi បានទៅជួបលោក Joan Laporta ប្រធានក្លិបកាលពីខែមេសា ជជែកពីលទ្ធភាពបន្តការដឹកនាំ ក្រោយពេលការប្រកាសចាកចេញពីតំណែង ព្រោះបញ្ហាជម្លោះជាមួយកីឡាករនិងក្រុមធ្លាក់ទម្រង់លេង។

យ៉ាងណា បន្ទាប់ពីមានដំណឹងល្អមិនបានប៉ុន្មាន លោក Xavi នៅតែត្រូវបានបញ្ចប់តំណែងដដែល។ លោក Xavi បានចូលមកជំនួសតំណែងលោក Ronald Koeman កាលពីឆ្នាំ ២០២២ ដោយបានជួយ Barcelona ឈ្នះពានរង្វាន់ La Liga នៅក្នុងការដឹកនាំរដូវកាលដំបូងរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះ Xavi ក៏បានឈ្នះពាន Spanish Super Cup ប៉ុន្តែរដូវកាល ២០២៣-២៤ ក្លិបមិនឈ្នះពានអ្វីទាល់តែសោះ ដែលបានធ្វើអោយក្លិបស្វែងរកជម្រើសថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង