ខ្សែប្រយុទ្ធ Edinson Cavani បានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្កាយ ដែលមានន័យថា រូបគេនឹងមិនមានវត្តមាន ក្នុងព្រឹត្តិការណ៍ Copa América 2024ដែលធ្វើឡើងនាសហរដ្ឋអាមេរិក នាពេលខាងមុខនោះទេ។
អតីតកីឡាករ PSG និង Man UTD ដែលកំពុងប្រកបអាជីពអោយក្លិបអាហ្សង់ទីន Boca Juniors បានបង្ហាញខ្លួនតាំងពីឆ្នាំ២០០៨ ដោយស៊ុតបញ្ចូលទី៥៨គ្រាប់ ពីការបង្ហាញខ្លួន ១៣៦ប្រកួតអោយអ៊ុយរូហ្កាយ និងជាផ្នែកមួយដែលបានរួមចំណែកជួយក្រុមឈ្នះពាន Copa America ២០១១។ រូបគេគឺជាកីឡាករទី២ដែលស៊ុតបញ្ចូលទីច្រើនជាងគេអោយអ៊ុយរូហ្កាយ បន្ទាប់ពី Luis Suárez ដែលស៊ុតបាន ៦៨គ្រាប់។ យ៉ាងណា Edinson Cavani មិនបានលេងអោយអ៊ុយរូហ្កាយ តាំងពីពួកគេធ្លាក់ពីពានរង្វាន់ FIFA World Cup 2022 វគ្គចែកពូល។
ជុំវិញការប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិនេះដែរ កីឡាករវ័យ៣៧ឆ្នាំ បានអោយដឹងថា “រយៈពេលជាច្រើនឆ្នាំដែលលេងអោយអ៊ុយរូហ្កាយគឺមានតម្លៃណាស់ ហើយខ្ញុំនឹង ចងចាំវាជានិច្ច។ ប៉ុន្តែ ខ្ញុំចង់បន្តដំណើរទៅកាន់ដំណាក់កាលថ្មីនៃអាជីពរបស់ខ្ញុំ ហើយផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ។”
Cavani ធ្លាប់មានអាជីពយូរអង្វែងនៅអឺរ៉ុប ជាពិសេសជាមួយ Paris Saint-Germain ជាកន្លែងដែលគេបានស៊ុតបញ្ចូលទី ២០០គ្រាប់ និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលរបស់ក្លិបបារាំង មុនពេលត្រូវបានបំបែកកំណត់ត្រាដោយ Kylian Mbappé កាលពីឆ្នាំមុន។ រូបគេ ក៏បានចំណាយពេលជាមួយ Palermo និង Napoli ជាក្លិបនៅលីគកំពូលអ៊ីតាលី មុនពេលប្រកបអាជីពខ្លីជាមួយ Manchester United និងក្លិបអេស្ប៉ាញ Valencia ។ Cavani បានផ្លាស់ទៅអាមេរិកខាងត្បូងកាលពីឆ្នាំមុនដោយចូលរួមជាមួយក្លិបអាហ្សង់ទីន Boca Juniors ។
ដោយឡែក អ៊ុយរូហ្កាយ បានផ្គូផ្គង ចូលពូល C រួមជាមួយម្ចាស់ផ្ទះអាមេរិក ប៉ាណាម៉ា និង ប៊ូលេវី ក្នុងព្រឹត្តិការណ៍ Copa América 2024 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា ខាងមុខនេះ៕