Real Madrid បានប្រារព្វពិធីអបអរការឈ្នះពានរង្វាន់ UEFA Champions League លើកទី១៥ ក្រោមការចូលរួមពីអ្នកគាំទ្ររាប់ពាន់នាក់ ដែលកម្មវិធីធ្វើឡើងនាទីក្រុង Madrid ប្រទេសអេស្ប៉ាញ។
ជាការពិត Real Madrid បង្កើនកំណត់ត្រាឈ្នះជើងឯកពានរង្វាន់ UEFA Champions League ច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ទ្វីបអឺរ៉ុប ក្រោយបំបាក់ក្រុមអាល្លឺម៉ង់ Borussia Dortmund នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។
ការប្រកួតផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស បានបញ្ចប់ទៅដោយ Real Madrid យកឈ្នះ Dortmund ដោយលទ្ធផល ២-០ រកគ្រាប់បាល់ដោយ Dani Carvajal និង Vinícius Júnior ដើម្បីគ្រងជើងឯកពានរង្វាន់ UEFA Champions League ២០២៣-២៤។
Real Madrid បានបង្កើនកំណត់ត្រាឈ្នះជើងឯក UEFA Champions League ចំនួន ១៥ សម័យកាល និងបន្តកាន់កាប់កំណត់ត្រាជាក្លិបឈ្នះពានធំបំផុតរបស់អឺរ៉ុបច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។
ភាពជោគជ័យនេះ បានធ្វើអោយមានការសប្បាយរីករាយជាខ្លាំងសម្រាប់ Real Madrid ហើយពួកគេក៏បានធ្វើពិធីអបអរសាទរ ដោយមានការចូលរួមយ៉ាងច្រើនពីអ្នកគាំទ្រ ដោយមានការបង្ហាញពីពានរង្វាន់ UEFA Champions League ដែលពួកគេបានឈ្នះមកនោះផងដែរ។
ដោយឡែក លោក Carlo Ancelotti បានបង្កើន និងបន្តកាន់កាប់កំណត់ត្រាគ្រូបង្វឹកឈ្នះពានរង្វាន់ UEFA Champions League ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោលចំនួន ៥ ដង។ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៦៤ឆ្នាំរូបនេះ បានឈ្នះ ២ ដងជាមួយក្លិប AC Milan រដូវកាល ២០០២-០៣ និង ២០០៦-០៧ ហើយបន្តឈ្នះ ៣ ដងបន្ថែមទៀតជាមួយក្លិប Real Madrid រដូវកាល ២០១៣-១៤, ២០២១-២២ និង ២០២៣-២៤។
ចំណែកខ្សែបម្រើអន្តរជាតិក្រូអាត Luka Modric ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ Toni Kroos ខ្សែការពារស្តាំអេស្ប៉ាញ Dani Carvajal និងខ្សែការពារកណ្តាលអេស្ប៉ាញ Nacho ក៏បានបង្កើន និងបន្តកាន់កាប់កំណត់ត្រាជាកីឡាករឈ្នះពាន UEFA Champions League ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ពោលចំនួន ៦ ដងដូចគ្នា ជាមួយក្លិប Real Madrid៕