×

ក្រោយក្លាយជាគ្រូថ្មី Fenerbahce លោក Jose Mourinho ថា នឹងព្យាយាមសម្រេចក្តីសុបិនរបស់ក្លិប

លោក Jose Mourinho បានត្រលប់មកពិភពបាល់ទាត់វិញហើយក្រោយចែកផ្លូវជាមួយក្លិប Roma ដោយលោកបានក្លាយជាគ្រូបង្វឹកដឹកនាំក្លិបទួរគី Fenerbahce។

ជាការពិត លោក Mourinho មិនមានការងារតាំងពីចែកផ្លូវជាមួយ Roma កាលពីខែមករាកន្លងទៅ ហើយការមកចូលរួមជាមួយ Fenerbahce នេះ បុរស វ័យ៦១ឆ្នាំ បានមកជំនួសតំណែងរបស់លោក İsmail Kartal ដែលចាកចេញពីក្លិប ក្រោយបញ្ចប់នៅចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ Süper Lig រដូវកាល ២០២៣-២៤ ។

សម្រាប់កម្មវិធីចុះកុងត្រានាំយកលោក Jose Mourinho មកជាគ្រូបង្វឹកថ្មីរបស់ Fenerbahce បានធ្វើឡើងនាកីឡដ្ឋាន Ulker Stadium នាទីក្រុង Istanbul ដោយមានការចូលរួមពីអ្នកគាំទ្ររាប់ពាន់នាក់ នឹងមានការច្រៀងចម្រៀង និងស្រែកហៅឈ្មោះរបស់លោក Mourinho ដើម្បីជាការអបអររូបលោកមកកាន់ការងារជាមួយក្លិប។

ក្នុងនោះដែរ លោក Jose Mourinho ក៏បានបង្ហាញពីភាពរីករាយយ៉ាងខ្លាំង ក្រោយពីវត្តមានរបស់លោកបានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅបែបនេះ ហើយលោកបានសន្យាថា នឹងព្យាយាមធ្វើអោយក្តីសុបិនរបស់ក្លិបបានទទួលជោគជ័យ។

លោក Mourinho បានថ្លែងអោយដឹងយ៉ាងដូច្នេះថា “ខ្ញុំពិតជាមានភាពរីករាយណាស់ ដែលបានក្លាយជាផ្នែកមួយនៃក្លិប Fenerbahce។ វាជាទំនួលខុសត្រូវដ៏ធំមួយ តែខ្ញុំសន្យាថា ទីនេះនឹងក្លាយជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាព ដើម្បីធ្វើអោយក្តីសុបិនរបស់គ្រប់គ្នា បានសម្រេចជោគជ័យ។”

មុនមកចូលរួម ជាមួយ Fenerbahce លោក Mourinho ត្រូវបានព័ត៌មានមួយចំនួនចុះផ្សាយថា បដិសេធសំណើមកពីក្លិបមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតផងដែរ។ Fenerbahce ជាក្លិបលំដាប់កំពូលមួយរបស់លីគកំពូលទួរគី Süper Lig។ នៅរដូវកាល ២០២៣-២៤ ក្លិបរកបានរហូតដល់ទៅ ៩៩ពិន្ទុ និងចាញ់តែមួយប្រកួតប៉ុណ្ណោះ តែនៅតែបរាជ័យមិនបានគ្រងចំណាត់ថ្នាក់លេខ១ ខណៈក្លិបគូប្រជែង Galatasaray លើកពានលីគកំពូលជាមួយនឹង ១០២ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង