×

លោក Julian Nagelsmann នឹងបន្តកំណត់ត្រា ជាគ្រូបង្វឹកក្មេងជាងគេនៅ UEFA Euro 2024

លោក Julian Nagelsmann នឹងបន្តកំណត់ត្រា ក្លាយជាគ្រូបង្វឹកវ័យក្មេងជាងគេ ប្រចាំព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០២៤។ លោក Nagelsmann នឹងត្រូវដឹកនាំម្ចាស់ផ្ទះអាល្លឺម៉ង់ តទល់ស្កុតឡែន ហុងគ្រី និងស្វ៊ីស ក្នុងពូល A។

លោក Nagelsmann ដែលទើបឈានចូលវ័យ ៣៧ឆ្នាំ នឹងត្រូវដឹកនាំក្រុមរហស្សនាមឥន្ទ្រីដែក ស្វាគមន៍ស្កុតឡែន នៅជំនួបបើកឆាកព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីអឺរ៉ុប នៅយប់ថ្ងៃទី១៤ ខែកក្កដា។ គ្រូបង្វឹកក្មេងជាងគេរូបនេះ មានជំនឿចិត្តខ្ពស់ក្នុងការនាំក្រុមអាល្លឺម៉ងគ្រងជើងឯក Euro ឆ្នាំ២០២៤។

មិនត្រឹមជាប់ជាគ្រូក្មេងនៅ Euro 2024 នោះទេ លោក Nagelsmann ក៏ក្លាយជាគ្រូក្មេងជាងគេ ចាប់តាំងពីបង្កើតពានរង្វាន់ទ្វីបអឺរ៉ុបនេះមកម្លេះ។ មួយវិញទៀត ប្រសិនបើអតីតគ្រូ Bayern Munich អាចជួយអាល្លឺម៉ង់ឈ្នះជើងឯកនៅឆ្នាំនេះទៀត នោះរូបលោកនឹងបំបែកកំណត់ត្រារបស់លោក José Villalonga ដែលបានដឹកនាំអេស្ប៉ាញគ្រងជើងឯកអឺរ៉ុបនេះ នៅឆ្នាំ ១៩៦៤ នៅវ័យក្មេងជាងគេ ៤៤ឆ្នាំ។

ចំណែកឯ លោក Domenico Tedesco គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក ជាគ្រូបង្វឹកក្មេងជាងគេលំដាប់ទីពីរ បន្ទាប់ពីលោក Nagelsmann ដោយមានវ័យ ៣៨ឆ្នាំ។ លោក Tedesco នឹងត្រូវដឹកនាំក្រុមរហស្សនាមបិសាចក្រហម តទល់ ស្លូវ៉ាគី រូម៉ានី និង អ៊ុយក្រែន ក្នុងពូល E។

ដោយឡែកគ្រូបង្វឹកចាស់ជាងគេប្រចាំព្រឹតិ្តការណ៍ UEFA Euro ឆ្នាំ២០២៤ នៅអាល្លឺម៉ង់នេះ គឺលោក Ralf Rangnick គ្រូបង្វឹកក្រុមអូទ្រីស ដែលមានវ័យ៦៦ឆ្នាំ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ ធ្លាប់កាន់ការងារជាគ្រូបង្វឹកបណ្តោះអាសន្នក្លិប Manchester United ផងដែរ។ អូទ្រីស ស្ថិតក្នុងពូល D ជាមួយបារាំង ហូងឡង់ និងប៉ូឡូញ។

បន្ទាប់ពីលោក Rangnick គ្រូបង្វឹកដែលមានវ័យចាស់ជាងគេលំដាប់ទី២ គឺលោក Luciano Spalletti គ្រូបង្វឹកម្ចាស់ការពារជើងឯកអ៊ីតាលី។ គ្រូសញ្ជាតិអ៊ីតាលីរូបនេះ មានវ័យ ៦៥ឆ្នាំ។ អ៊ីតាលី ស្ថិតក្នុងពូល B ជាមួយអេស្ប៉ាញ ក្រូអាត និងអាល់បានី៕

“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង