×

ខ្សែប្រយុទ្ធ Kylian Mbappe ចូលរួមជាមួយ Real Madrid ដោយឥតតម្លៃខ្លួន លើកិច្ចសន្យារយៈពេល ៥ឆ្នាំ

ខ្សែប្រយុទ្ធ Kylian Mbappe បានសម្រេចចូលរួមជាមួយ Real Madrid ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន ដោយរូបគេបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៩។ នេះបើតាមការប្រកាសអោយដឹងពីក្លិប នៅក្របខណ្ឌ La Liga។

កីឡាករបារាំង បានបញ្ចប់ដំណើររួមរស់រយៈពេល៦ឆ្នាំជាមួយក្លិប Paris Saint-Germain ក្រោយពីកុងត្រារបស់គេ បានផុតកំណត់ កាលពីថ្ងៃទី ៣០ ខែមិថុនា ដោយការលេងជាមួយក្លិបនៅក្របខណ្ឌ Ligue 1 នោះ រូបគេបានបង្ហាញខ្លួន ៣០៨ ដង ស៊ុតបញ្ចូលទីបាន ២៥៦គ្រាប់ ហើយបានឈ្នះពានរង្វាន់ Ligue 1 ៦ដង Coupe de France ៤ដង Coupe de la Ligue ២ដង និង Trophée des Champions ចំនួន៣ដង។

កន្លងមកមានការរាយការណ៍ថា Kylian Mbappe បានព្រមព្រៀងជាពាក្យសម្តីក្នុងការផ្លាស់មកកាន់ទឹកដី Santiago Bernabéu តាំងពីខែកុម្ភៈមកម្ល៉េះ ហើយនៅខែឧសភា រូបគេបានប្រកាសពីការចាកចេញពី Paris Saint-Germain នៅដំណាច់រដូវកាល ២០២៣-២៤។

មែនទែនទៅ ដំណឹងនៃការផ្សារភា្ជប់ កីឡាករវ័យ២៥ឆ្នាំ មកកាន់ Real Madrid មានរយៈពេលជាយូរមកហើយ តាំងពីឆ្នាំ២០២១ ហើយនៅឆ្នាំ២០២២ ការផ្លាស់ប្តូររូបគេទៅកាន់ក្លិបនៅអេស្ប៉ាញ ហៀបនឹងសម្រេច ប៉ុន្តែក្លិប Paris Saint-Germain បានប្រកាសពីការបន្តកុងត្រាថ្មី ជាមួយកីឡាករ ដែលធ្វើអោយក្លិប Real Madrid មានការខឹងសម្បារជាខ្លាំង។

យ៉ាងណាមិញ ពេលនេះ Kylian Mbappe បានទទួលជោគជ័យក្នុងការចូលរួមជាមួយ Real Madrid ខណៈការផ្ទេរជាផ្លូវការ នឹងធ្វើឡើងពេលដែលទីផ្សារដោះដូរកីឡាករនៅអេស្ប៉ាញបើកដំណើរការនៅថ្ងៃទី ១ ខែមិថុនា។ ក្លិបម្ចាស់ជើងឯក UEFA Champions League ១៥សម័យ រំពឹងពីការប្រកាសពីកុងត្រាជាមួយ Kylian Mbappe នៅសប្តាហ៍ក្រោយ រួមទាំងការបង្ហាញខ្លួនរូបគេ នៅមុពេលដែលព្រឹត្តិការណ៍ UEFA Euro 2024 ចាប់ផ្តើមប្រកួត។

សម្រាប់ប្រាក់ឈ្នួលដែល Kylian Mbappe នឹងទទួលបានពី Real Madrid ត្រូវបានជឿថា ទទួលបាន ១៥លានអឺរ៉ូ ក្នុងមួយរដូវកាល បូករួមថ្លៃលើកទឹកចិត្តក្នុងការចុះកុងត្រា ១៥០លានអឺរ៉ូ រយៈពេល៥ឆ្នាំ ហើយរូបគេក៏ទទួលបានភាគរយពីការប្រើប្រាស់សិទ្ធរូបភាពរបស់គេផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង