ក្លិប Juventus និងគ្រូបង្វឹក លោក Massimiliano Allegri បានឈានដល់កិច្ចព្រមព្រៀង ក្នុងការបញ្ចប់កុងត្រា ចែកផ្លូវជាមួយគ្នាជាផ្លូវការហើយ។ នេះបើតាមការប្រកាសអោយដឹងពីក្លិប នៅក្របខណ្ឌ Serie A។
មែនទៅ បុរសវ័យ ៥៦ឆ្នាំ ត្រូវបានបញ្ចប់តំណែងតាំងពីខែឧសភាមកម្ល៉េះ ដោយសារអាកប្បកិរិយាមិនល្អរបស់លោក ទាំងអំឡុងពេលប្រកួត និងក្រោយចប់ការប្រកួត វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Coppa Italia ដោយលោកត្រូវបានបណ្តេញចេញពីទីលាន ហើយ Juventus បានយកឈ្នះ Atalanta ១-០ ដើម្បីឈ្នះពានក្នុងស្រុកជាលើកទី១៥។
បើទោះជាលោក Allegri ត្រូវបណ្តេញចេញ តែភាគីទាំង២នៅមានលក្ខខណ្ឌមួយចំនួនដែលមិនទាន់ព្រមព្រៀងគ្នា ហើយក៏មានដំណោះស្រាយជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ ពួកគេក៏បានឈានដល់កិច្ចព្រមព្រៀង ក្នុងការបញ្ចប់កុងត្រាទាំងឡាយដែលនៅសេសសល់។
លោក Massimiliano Allegri បានដឹកនាំ Juventus ចំនួន២ដង សរុប រយៈពេល ៨ឆ្នាំ ដោយការដឹកនាំលើកទី១ លោកដឹកនាំពីឆ្នាំ២០១៤-១៩ និងលើកទី២ ពីឆ្នាំ ២០២១-២៤។ លោកបានដឹកនាំ ក្លិបសេះបង្កង់ឈ្នះ ពាន Serie A ៥ដង Coppa Italia ៥ដង និង Supercoppa Italiana ២ដង។
សម្រាប់រដូវកាល ២០២៣-២៤ ដែលទើបតែបញ្ចប់ទៅកាលពីពេលថ្មីៗនេះ លោក Allegri បានដឹកនាំក្លិបឈ្នះ ពាន Coppa Italia តែ១ប៉ុណ្ណោះ ខណៈនៅក្នុងការប្រជែងពានរង្វាន់លីគកំពូលអ៊ីតាលី Serie A វិញ ពួកគេបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ តែប៉ុណ្ណោះ៕