×

ខ្សែប្រយុទ្ធ Kylian Mbappe ថា ក្តីស្រមៃរបស់ខ្លួនក្លាយជាការពិត ក្រោយបានចូលរួមជាមួយ Real Madrid

ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយថាក្តីស្រមៃរបស់គេបានក្លាយជាការពិត ហើយក្នុងការផ្លាស់ទៅកាន់ក្លិប Real Madrid បន្ទាប់ពីរង់ចាំរយៈពេលដ៏យូរ។

កន្លងមកមានការរាយការណ៍ថា Kylian Mbappe បានព្រមព្រៀងជាពាក្យសម្តីក្នុងការផ្លាស់មកកាន់ទឹកដី Santiago Bernabéu តាំងពីខែកុម្ភៈមកម្ល៉េះ ហើយនៅខែឧសភា រូបគេបានប្រកាសពីការចាកចេញពី Paris Saint-Germain នៅដំណាច់រដូវកាល ២០២៣-២៤។

មែនទែនទៅ ដំណឹងនៃការផ្សារភា្ជប់ កីឡាករវ័យ២៥ឆ្នាំ មកកាន់ Real Madrid មានរយៈពេលជាយូរមកហើយ តាំងពីឆ្នាំ២០២១ ហើយនៅឆ្នាំ២០២២ ការផ្លាស់ប្តូររូបគេទៅកាន់ក្លិបនៅអេស្ប៉ាញ ហៀបនឹងសម្រេច ប៉ុន្តែក្លិប Paris Saint-Germain បានប្រកាសពីការបន្តកុងត្រាថ្មី ជាមួយកីឡាករ ដែលធ្វើអោយក្លិប Real Madrid មានការខឹងសម្បារជាខ្លាំង។ យ៉ាងណាមិញ ពេលនេះ Kylian Mbappe បានទទួលជោគជ័យក្នុងការចូលរួមជាមួយ Real Madrid។

មួយវិញទៀត Real Madrid ជាក្លិបដែល Mbappe តែងមានបំណងចង់ទៅលេង ដោយ Cristiano Ronaldo ជានិមិត្តរូបរបស់គេកាលពីក្មេង។ កីឡាករវ័យ ២៥ឆ្នាំ នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu ជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ ដោយទទួលបានតម្លៃនឿយហត់១៥លានអឺរ៉ូ ក្នុងមួយរដូវកាល បូករួមថ្លៃលើកទឹកចិត្តក្នុងការចុះកុងត្រា ១៥០លានអឺរ៉ូ ទៀតផង។

ក្រោយបានចូលរួមជាមួយ Real Madrid មក Mbappe បានសរសេរបង្ហោះពីភាពរីករាយ នៅលើបណ្តាញសង្គមបែបនេះថា “គ្មាននរណាបានដឹងឡើយ ថាតើខ្ញុំរីករាយយ៉ាងណានៅពេលនេះ។ វាជាក្តីស្រមៃក្លាយជាការពិត ដូច្នេះ ខ្ញុំរីករាយ និងមានមោទកភាពដែលបានចូលរួមក្លិបដែលខ្ញុំតែងមានបំណង និងក្តីស្រមៃតាំងពីក្មេង។”

Mbappe បានចូលរួម Real Madrid បន្ទាប់ពីក្លិបនេះបញ្ចប់រដូវកាលដ៏ជោគជ័យ ដោយឈ្នះពាន La Liga លើកទី៣៦ និងពានរង្វាន់ UEFA Champions League លើកទី១៥ ក្រោយឈ្នះ Borussia Dortmund នៅវគ្គផ្តាច់ព្រ័ត។

កីឡាករបារាំងរូបនេះ នឹងអាចធ្វើដំណើរទៅបង្ហាញខ្លួននៅលើទឹកដីអេស្ប៉ាញ ចំពោះមុខអ្នកគាំទ្រ មុនពេលរូបគេត្រូវមានភារកិច្ចទៅលេងព្រឹត្តិការណ៍ Euro 2024 ជាមួយក្រុមជម្រើសជាតិបារាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង