ក្រុមជម្រើសជាតិបារាំង កំពុងតែបន្តជួបបញ្ហាកីឡាកររបួសច្រើនរូប និងធ្លាក់ទម្រង់ ខណៈការប្រកួតពានរង្វាន់ប្រចាំទ្វីបអឹរ៉ុប UEFA Euro 2024 ខិតជិតមកដល់។ បារាំងនឹងធ្វើដំណើរទៅអាល្លឺម៉ង់ដោយគ្មានភាពប្រាកដប្រជាឡើយ។
ក្រុមជើងឯករង World Cup 2022 ត្រូវបានចាប់ឆ្នោតចូលទៅក្នុងពូល D ដែលរួមមានក្រុមហូឡង់ ប៉ូឡូញ និងអូទ្រីស។ យ៉ាងណាមុនការប្រកួតមកដល់ លោក Didier Deschamps ដែលជាគ្រូបង្វឹកក្រុមបារាំង នឹងស្វែងរកយុទ្ធសាស្ត្រថ្មីៗ ដើម្បីដំណើរការប្រកួតប្រជែង។
ជាក់ស្តែង ក្រុមបារាំង កំពុងតែប្រឈមមុខខ្លាំងដូចជាកីឡាកររបួស និងកីឡាករមួយចំនួនដែលធ្លាប់បង្ហាញខ្លួនកន្លងមកធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។ ខ្សែការពារ Lucas Hernandez ជួបបញ្ហារបួសជង្គង់ និងគ្មានឈ្មោះក្នុងបញ្ជីក្រុមលើកនេះ រីឯខ្សែការពារ Dayot Upamecano និង Ibrahima Konate ដែលបង្ហាញភាពអស្ចារ្យអំឡុង World Cup 2022 សុទ្ធសឹងតែធ្លាក់ទម្រង់លេងខ្លាំង ហើយអ្នកចាំទី Mike Maignan កំពុងតែជួបបញ្ហារបួស ស្ទើរតែពេញមួយរដូវកាលដូចគ្នា។
អំឡុងការប្រកួត World Cup 2022 នៅប្រទេសកាតា ទោះបារាំងជួបបញ្ហាប្រឈមស្រដៀងគ្នានេះ តែពួកគេនៅតែអាចបង្ហាញសមត្ថភាព ដោយឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រ។ រយៈពេល ១២ឆ្នាំ ក្រោមការដឹកនាំរបស់លោក Deschamps បារាំងមិនធ្លាប់ឈ្នះពានទ្វីបអឺរ៉ុបម្តងឡើយ។ ទោះបីជួបបញ្ហាខ្លាំងលើប្រព័ន្ធការពារ ប៉ុន្តែបារាំង ហាក់បង្ហាញភាពជឿជាក់ទៅលើតំបន់ប្រយុទ្ធជួរមុខរបស់ខ្លួន ដែលមានប្រធានក្រុម Kylian Mbappe ព្រមទាំង Ousmane Dembele ។
ភាពខ្លាំងនៃតំបន់ប្រយុទ្ធ ហើយអាចជួយកែប្រែស្ថានការណ៍មកល្អឡើងវិញសម្រាប់បារាំង។ កីឡាករវ័យ ២១ឆ្នាំ Bradley Barcola ដៃគូល្អរបស់ខ្សែប្រយុទ្ធទាំងពីរ បង្ហាញភាពអស្ចារ្យលេងអោយក្លិប PSG កន្លងមក រូបគេក៏ត្រូវបានកោះហៅចូលជម្រើសជាតិលើកដំបូង។ ខ្សែបម្រើ Aurelien Tchouameni កំពុងតែព្យាបាលរបួសជើង ជាមួយ Real Madrid ក៏ជារឿងដ៏ស្មុកស្មាញ ប៉ុន្តែលោក Deschamps សម្រេចចិត្តកោះហៅខ្សែបម្រើមាឌតូច N’Golo Kante វិលត្រឡប់មកជម្រើសជាតិវិញ បន្ទាប់ពីគេខកខានបង្ហាញខ្លួនតាំងពីឆ្នាំ ២០២២ ហើយទោះបីជាគេផ្លាស់ទីលេងនៅលីគអារ៉ាប៊ីសាអូឌីតក៏ដោយ។
យ៉ាងណាមិញ មកដល់ពេលនេះ បារាំងនៅមិនទាន់ប្រកាសបញ្ជីឈ្មោះកីឡាករ ២៦រូប ចុងក្រោយសម្រាប់ការប្រកួត Euro 2024 នៅឡើយ ខណៈខ្លួនត្រូវប្រកួតមិត្តភាពកម្តៅសាច់ដុំ ទល់នឹងក្រុមលុចសាំបួរ នៅថ្ងៃទី៦ ខែមិថុនា និងប៉ះកាណាដា នៅថ្ងៃទី១០ ខែមិថុនា មុនធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ Euro 2024៕