លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បាននិយាយថា លោកបានដាក់ក្តីរំពឹងខ្ពស់ ខ្សែបម្រើ Jude Bellingham បន្ទាប់ពីរូបគេទទួលបានភាពជោគជ័យនៅក្លិប Real Madrid រដូវកាល ២០២៣-២៤ ដោយឈ្នះពាន La Liga និង UEFA Champions League។
កីឡាករវ័យ២០ឆ្នាំ បានរីកចម្រើនយ៉ាងឆាប់រហ័សនៅ Real Madrid នឹងអាចជួយនាំក្រុមជម្រើសជាតិអង់គ្លេស ឡើងទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត សម្រាប់ Euro 2024។ កន្លងមក អង់គ្លេស ហាក់មានបញ្ហាជាប់គាំង ក្នុងការស្វែងរកកីឡាករដែលមានឱកាសនាំជ័យជំនះក្នុងការប្រកួតមកចូលរួមក្រុម សម្រាប់ព្រឹត្តិការណ៍ Euro 2024 ប៉ុន្តែ Jude Bellingham កំពុងតែក្លាយជាកីឡាករមួយរូប ដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតមួយ សម្រាប់អង់គ្លេស ក៏ដូចជាការនាំក្រុមឈានដល់ការឈ្នះពានអន្តរជាតិលើកដំបូងតាំងពីឆ្នាំ ១៩៦៦។
រដូវកាលដំបូងនៅ Real Madrid នោះ Bellingham បានធ្វើព្យុះភ្លៀងនាក្របខណ្ឌ La Liga ក៏ដូចជាពាន UEFA Champions League ចាប់តាំងពីរូបគេបានផ្ទេរចេញពី Dortmund។ រូបគេ មានភាពល្បីល្បាញខ្លាំង ពេលស៊ុតគ្រាប់បាល់បញ្ចូលទីនៅក្នុងការបង្ហាញខ្លួនលើកដំបូង។ បន្ទាប់ពី ជួយ Real Madrid ឈ្នះពាន La Liga និង Champions League រួច ពេលនេះ Bellingham មានឱកាសក្នុងការផ្តោតទៅលើក្រុមជម្រើសជាតិវិញម្តង។ Bellingham បានចូលរួមក្រុមជម្រើសជាតិអង់គ្លេសដំបូង ពេលគេមានអាយុ ១៧ឆ្នាំ ហើយគិតមកដល់ពេលនេះ រូបគេមានវត្តមានចំនួន ២៩លើករួចមកហើយ។
កាលពី Euro 2020 ដែលអង់គ្លេសចាញ់អ៊ីតាលី ដោយការស៊ុតបាល់១១ម៉ែត្រ នៅវគ្គផ្តាច់ព្រ័ត្រ រូបគេ មានឈ្មោះក្នុងក្រុម ប៉ុន្តែមិនត្រូវបានដាក់អោយចូលលេងឡើយ។ ទោះបែបណា ពេលនេះ Bellingham អាចនឹងត្រូវស្ថិតក្នុងនាមជាកីឡាករជាប់ជម្រើស ១១នាក់ដំបូងដោយស្វ័យប្រវត្តិរួចទៅហើយ។
ជុំវិញរឿងនេះ គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate “Jude Bellingham កំពុងមានទម្រង់លេងល្អ និងមានភាពជោគជ័យ។ ភាពល្អប្រសើរនេះបានធ្វើអោយខ្ញុំមានក្តីរំពឹងខ្ពស់ចំពោះរូបគេ ក្នុងការជួយអង់គ្លេសនៅ Euro 2024។”
Bellingham មានការវិវត្តិខ្លួនយ៉ាងឆាប់រហ័ស ដោយចាប់ផ្តើមអាជីពក្នុងវ័យ ១៧ឆ្នាំ នៅក្លិប Birmingham City មុនពេលផ្លាស់ទៅ Dortmund លេងបានត្រឹមតែ ១រដូវកាល ហើយក៏ត្រូវបាន Real Madrid ទិញយកតែម្តង។ Bellingham នៅពេលនេះ ប្រៀបបានជាអំណោយដ៏ពិសេសមួយ សម្រាប់អង់គ្លេស បើក្រុម អាចនឹងដណ្តើមបាន Euro 2024 បានសម្រេចពិតមែន។ ទោះយ៉ាងណា ពឹងទៅលើតែ Bellingham មួយរូបក៏ពិបាកក្នុងការយកឈ្នះការប្រកួតផងដែរដោយអង់គ្លេស ត្រូវពង្រឹងបន្ថែមសម្រាប់ការប្រជែងរកជើងឯកអឺរ៉ុប ឆ្នាំ២០២៤នេះ៕