×

ប្រធានក្លិប Barcelona ថាការបាត់បង់ជំនឿចិត្តលើក្រុម ទើបធ្វើឱ្យលោក Xavi ត្រូវចាកចេញ

ប្រធានក្លិប Barcelona លោក Joan Laporta បានចេញមុខបកស្រាយបញ្ហាដែលបានកើតឡើងរវាងក្លិបជាមួយនឹងអតីតគ្រូបង្វឹក លោក Xavi Hernandez ដែលឈានដល់ការសម្រេចចិត្តបណ្តេញចេញពីតំណែង ដោយថា ការសម្រេចចិត្តចែកផ្លូវជាមួយលោក Xavi ព្រោះតែការបាត់បង់ជំនឿចិត្តទៅលើក្រុម និងបញ្ហាផ្សេងៗក្នុងក្រុមនាពេលកន្លងមក។

លោក Xavi បានដឹកនាំ Barcelona ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំ បន្តតំណែងពីលោក Ronald Koeman កាលពីឆ្នាំ ២០២១។ រដូវកាល ២០២៣-២៤ ជារដូវកាលដំបូងរបស់ លោកXavi ដែលបានជួយក្រុមឈ្នះពានរង្វាន់ La Liga។ យ៉ាងណា បុរសសញ្ជាតិអេស្ប៉ាញ វ័យ ៤៤ឆ្នាំ ត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមុន ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្លិបបានប្រកាសពីការបន្តដឹកនាំក្លិបមួយរដូវកាលបន្ថែមទៀត របស់លោក Xavi ដែលធ្លាប់រួមរស់ ជាមួយ Barcelona ជាកីឡាកររយៈពេល ១៧ឆ្នាំ។ លោក Xavi ធ្លាប់មានបញ្ហាជម្លោះផ្ទៃក្នុងជាមួយនឹងក្រុមកីឡាករ ហើយរដូវកាលនេះ លោក មិនបានជួយក្រុមឈ្នះពានអ្វីទាំងអស់។

ទោះយ៉ាងណា លោក Laporta ប្រធានក្លិបបានចេញមុខបកស្រាយ ពីការសម្រេចចិត្តបណ្តេញ លោក Xavi ព្រោះតែលោកបានបាត់បង់ជំនឿចិត្តលើក្រុម ហើយការសម្រេចចិត្តលើការបន្តតំណែងគ្មានភាពប្រាកដប្រជា។

លោក Laporta បាននិយាយប្រាប់បែបនេះ “ លោក Xavi បំពេញការងារបានយ៉ាងល្អ រូបគេបានដឹកនាំក្រុមស្ថិតក្នុងពេលមួយកំពុងជួបបញ្ហាលំបាកដ៏ច្រើន ហើយកាលពីឆ្នាំមុនយើងឈ្នះពានរង្វាន់លីគកំពូល និង Super Cup ប៉ុន្តែឆ្នាំនេះគឺគ្មានអ្វីសោះ។ ខ្ញុំបានទទួលស្គាល់ថា គេគួរតែចាកចេញ តែ Xavi នៅតែជាវីរបុរសប្រចាំក្លិប ។”

ក្តីយោគយល់គ្នារវាងថ្នាក់ដឹកនាំក្លិប ទៅលើលោក Xavi ហាក់បីមានច្រើន បើប្រៀបទៅនឹងគ្រូបង្វឹកក្រុមដទៃដែលធ្វើមិនបានល្អតាំងពីដើមរដូវកាល។ លោក Hansi Flick អតីតគ្រូបង្វឹក Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ ជាអ្នកមកជំនួសតំណែងបន្តពីលោក Xavi នៅ Barcelona ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង