លោក Antonio Conte បានក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបអ៊ីតាលី Napoli ដោយលោកបានចុះកុងត្រារយៈពេល ៣ ឆ្នាំដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៧។
Napoli គឺជាក្លិបដ៏ធំមួយមានសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងលីគកំពូលអ៊ីតាលី។ កាលពីរដូវកាល ២០២២-២៣ ក្លិបបានឈ្នះពាន Serie A ជាលើកដំបូងក្នុងរយៈពេល ៣៣ ឆ្នាំ។ ទោះជាយ៉ាងណា ដោយការផ្លាស់ប្តូរគ្រូបង្វឹកជាច្រើនលើកច្រើនសានិងការធ្លាក់ទម្រង់លេង ក្លិបនេះបានទទួលចំណាត់ថ្នាក់ត្រឹមលេខ ១០ ក្នុងរដូវកាល ២០២៣-២៤ កន្លងទៅ។ លោក Conte មានការងារដ៏លំបាកមួយក្នុងការស្ដារទម្រង់លេងរបស់ក្លិបធំមួយនេះ។
យ៉ាងណា ក្នុងការថ្លែងក្រោយពេលចុះកុងត្រាជាគ្រូបង្វឹកថ្មីរបស់ Napoli នោះ លោក Conte ថា “ខ្ញុំមានការសប្បាយចិត្តដែលទទួលបានឱកាសមកដឹកនាំក្លិប Napoli ហើយនឹងប្រឹងប្រែងអោយអស់លទ្ធភាពក្នុងការជួយក្លិបអោយកាន់តែរីកចម្រើនទៅមុខ។”
លោក Conte បានទំនេរពីការងារប្រមាណ ១ ឆ្នាំហើយ ក្រោយត្រូវបានបញ្ចប់ការងារពីក្លិបអង់គ្លេស Tottenham Hotspur នៅខែមីនា ឆ្នាំ ២០២៣។ លោកដឹកនាំ Spurs ពីឆ្នាំ ២០២១ ដល់ ២០២៣។ នៅអង់គ្លេស មុនមកដឹក Spurs លោកធ្លាប់ដឹកនាំ Chelsea ពីឆ្នាំ ២០១៦ ដល់ ២០១៨ ហើយជួយក្លិបឈ្នះពាន Premier League និង FA Cup។
ថ្វីបើលោក Conte មិនសូវមានភាពជោគជ័យនៅ Spurs តែបទពិសោធន៍ ភាពជោគជ័យរបស់លោកកកើតមាននៅអ៊ីតាលី។ លោក Conte ធ្លាប់ដឹកនាំ Juventus ពីឆ្នាំ ២០១១ ដល់ ២០១៤ ហើយក្លិប Inter Milan ពីឆ្នាំ ២០១៩ ដល់ ២០២១។ ក្នុងអំឡុងនោះ ក្លិបទាំងពីរសុទ្ធតែមានភាពប្រកួតប្រជែងខ្ពស់ ហើយបានឈ្នះពានក្នុងស្រុកជាច្រើន ព្រមបង្កព្យុះភ្លៀងក្នុងកម្មវិធី Champions League និង Europa League។
ក្រៅពីបទពិសោធន៍ដឹកនាំក្លិប លោក Conte ក៏ធ្លាប់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីដែរ អំឡុងឆ្នាំ ២០១៤ ដល់ ២០១៦។ ក្រោមការដឹកនាំរបស់លោក Conte ក្រុមអ៊ីតាលីបានឡើងទម្រង់លេង ជាពិសេសក្នុងពេលលេងកម្មវិធី Euro ២០១៦។ យ៉ាងនេះក្ដី អ៊ីតាលីបានចាញ់អាល្លឺម៉ង់ក្នុងវគ្គ ៨ ក្រុមចុងក្រោយ។ ក្រោយពីប្រកួតនេះ លោក Conte បានលាឈប់ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី ដើម្បីមកដឹកនាំ ក្លិបបាល់ទាត់វិញ៕