×

ខ្សែប្រយុទ្ធ Kylian Mbappe ថា ចង់ផ្អាកនិយាយពីការផ្ទេរទៅ Real Madrid នឹងផ្តោតលើភារកិច្ចជួយបារាំងនៅ UEFA Euro 2024

ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយថា រូបគេចង់ផ្អាកនិយាយពីការផ្ទេរទៅក្លិបថ្មី Real Madrid សិន ដើម្បីផ្តោតទៅលើភារកិច្ចជួយបារាំងនៅព្រឹត្តិការណ៍ UEFA Euro 2024 វិញ។

Mbappe ចូលរួមជាមួយនឹង Real Madrid កាលពីថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយ Paris Saint Germain ឈានដល់ទីបញ្ចប់។ Mbappe បានបង្ហាញអារម្មណ៍ធូរស្រាល ពីបញ្ហានៃការផ្លាស់ទៅកាន់ក្លិបថ្មី ប៉ុន្តែស្ថិតក្នុងសន្និសីទ អំឡុងការប្រកួតមិត្តភាពរបស់ក្រុមបារាំង កីឡាករវ័យ ២៥ឆ្នាំ ថាខ្លួនចង់ផ្តោតទៅលើជម្រើសជាតិបារាំងជាមុនសិន។

Mbappe បាននិយាយបែបនេះ “គ្រប់គ្នាបានដឹងរួចហើយ ខ្ញុំនឹងក្លាយជាកីឡាករ Real Madrid សម្រាប់ ៥រដូវកាល។ វាពិតជារឿងដ៏រីករាយ។ យ៉ាងណា ពេលនេះខ្ញុំនឹងមិននិយាយអ្វីបន្ថែមទៀតឡើយចំពោះរឿងរ៉ាវនៅក្លិបថ្មី ខណៈបារាំងកំពុងតែសម្លឹងការឈ្នះពាន Euro លើកដំបូងតាំងពីឆ្នាំ ២០០០ មក។ ក្នុងនាមជាប្រធានក្រុម ខ្ញុំត្រូវតែគិតលើក្រុមជម្រើសជាតិជាមុនសិន។ ខ្ញុំគ្រាន់តែឆ្លើយទៅនឹងសំណួរ ទាក់នឹងនឹងក្រុមជម្រើសជាតិប៉ុណ្ណោះ ។ ខ្ញុំចង់ការពារក្រុមរបស់ខ្ញុំ ហើយវាក៏ជារយៈពេលយូមកហើយដែរ ចាប់តាំងពីយើងឈ្នះពានអឺរ៉ុប ២៤ឆ្នាំមុន ។”

នៅរដូវកាល ២០២៣-២៤ Mbappe បានបញ្ជាក់តាំងពីដើមរដូវកាលថា គេនឹងមិនបន្តកិច្ចសន្យាជាមួយ PSG ។ ប៉ុន្តែទូទាំងរដូវកាល Mbappe នៅតែបំពេញការងារក្នុងនាមជាកីឡាករ PSG ដោយរកបាន ៤៤គ្រាប់ គឺជាការរកបានគ្រាប់បាល់ច្រើនបំផុត និងលើកដំបូងរបស់គេប្រចាំរដូវកាល ហើយថែមទាំងនាំក្រុមឈ្នះពានលីគ Ligue និង French Cup។

សម្រាប់ Euro 2024 Mbappe ត្រៀមឈានជើងចូលការប្រកួតអន្តរជាតិលើកទី៤ របស់ខ្លួនជាមួយបារាំង បន្ទាប់ពីការបង្ហាញខ្លួននៅពានរង្វាន់អន្តរជាតិលើកដំបូង ព្រឹត្តិការណ៍ World Cup 2018 ដែលគេបានឈ្នះពានពិភពលោកតែម្តង។ ឆ្នាំ ២០២០ ព្រឹត្តិការណ៍ Euro បារាំងធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ ១៦ក្រុម ហើយនៅព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា ពួកគេបានត្រឹមតំណែងជើងឯករង។

បារាំងនឹងមានការប្រកួតមិត្តភាពកម្តៅសាច់ដុំ ចុងក្រោយនៅថ្ងៃទី៩ ខែមិថុនា ទល់នឹងក្រុមកាណាដា។ ក្រោយបញ្ចប់ប្រកួតមិត្តភាព បារាំង ធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយវគ្គចែកពូលបារាំង នៅក្នុងពូលជាមួយហូឡង់ ប៉ូឡូញ និងអូទ្រីស ស្ថិតក្នុងពូល D៕

“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង