×

ខ្សែបម្រើ James Maddison ត្រូវកាត់ឈ្មោះចេញពីក្រុមអង់គ្លេសទៅ UEFA Euro 2024

គ្រូជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានកាត់ឈ្មោះកីឡាករម្នាក់ចេញរួចរាល់ពីការប្រមូលផ្តុំក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ប្រកាសបញ្ជីឈ្មោះកីឡាករផ្លូវការ ២៦នាក់ ចុងក្រោយរបស់ក្រុមនីមួយៗ ទៅកាន់ព្រឹត្តិការណ៍ UEFA Euro 2024។ ខ្សែបម្រើ James Maddison ជាកីឡាករដែលបានកាត់ចេញដំបូងគេបង្អស់។

មុនការប្រកួតផ្លូវការមកដល់ អង់គ្លេសបានប្រកាសពីការប្រមូលផ្តុំកីឡាករចំនួន ៣៣រូប ហ្វឹកហាត់ត្រៀមសម្រាប់ UEFA Euro 2024 ដែលធ្វើឡើងក្នុងប្រទេសអាល្លឺម៉ង់។ អង់គ្លេស នឹងត្រូវធ្វើដំណើរទៅកាន់អាល្លឺម៉ង់ ដោយមានកីឡាករត្រឹម ២៦នាក់ ក្នុងបញ្ជីប៉ុណ្ណោះ ហើយកីឡាករចំនួន ៧នាក់ នឹងត្រូវកាត់ចេញ។

គម្រោងរបស់លោក Southgate បានបង្ហាញជម្រើសសំខាន់ៗ ដែលហាក់មិនចង់បានកីឡាករដែលកំពុងជួបបញ្ហាធ្លាក់ទម្រង់លេងនៅក្នុងក្រុម រួមមានកីឡាករ Jordan Henderson, Marcus Rashford, Raheem Sterling ហើយចង់នាំយកកីឡាករវ័យក្មេងមួយចំនួនដូចជា Jarell Quansah និង Adam Wharton មកជំនួសវិញ។

កាលពីប្រកួតមិត្តភាពទល់នឹងក្រុមបូស្នី Adam Wharton ធ្លាប់បានបង្ហាញសមត្ថភាពដ៏គួរអោយចាប់អារម្មណ៍ខ្លាំងពីគ្រូបង្វឹក ហើយមួយវិញទៀតចាប់តាំងពីជំនួបមិត្តនោះរួច អង់គ្លេស បានសម្រេចចិត្តកាត់ចោលកីឡាករម្នាក់ចេញពីជំរុំហ្វឹកហាត់។ លោក Southgate នឹងត្រូវបន្តកាត់ឈ្មោះកីឡាករ ៦នាក់ទៀតចេញពីជម្រើសជាតិអង់គ្លេស បន្ទាប់ពីកីឡាករ James Maddison របស់ Tottenham Hotspur ជាកីឡាករដំបូងដែលបានកាត់ចោល។

Maddison វ័យ ២៧ឆ្នាំ បានបង្ហាញខ្លួនក្នុងការប្រកួតមិត្តភាពយកឈ្នះលើបូស្នីលទ្ធផល ៣-០ ប៉ុន្តែរូបគេនឹងមិនធ្វើដំណើរជាមួយអង់គ្លេស ទៅកាន់ប្រទេសអាល្លឺម៉ង់ឡើយ។ ក្រោយត្រូវកាត់ឈ្មោះចេញភ្លាម កីឡាកររបស់ក្រុម Spurs ធ្លាប់បានបង្ហាញខ្លួនលេងនៅ World Cup 2022 ប្រទេសកាតាជាមួយអង់គ្លេស ក៏បានចាកចេញពីជំរុញហ្វឹកហាត់របស់អង់គ្លេសភ្លាមៗ។

ការប្រកួតមិត្តភាពកម្តៅសាច់ដុំចុងក្រោយរបស់អង់គ្លេស មុនការប្រកួតព្រឹត្តិការណ៍ Euro 2024 មកដល់ ពួកគេនឹងត្រូវប្រកួតតទល់នឹងក្រុមអ៊ីស្លង់ ដែលធ្វើឡើងនៅយប់នេះ ក្នុងកីឡដ្ឋាន Wembley។ បន្ទាប់ពីការប្រកួតទល់អ៊ីស្លង់រួច អង់គ្លេស នឹងប្រកាសបញ្ជីឈ្មោះកីឡាករ ២៦នាក់ ជាផ្លូវការ ហើយក៏នឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់តែម្តង៕

“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង