×

អ្នកវាយកូនបាល់ Carlos Alcaraz យកបានជើងឯកកម្មវិធី French Open 2024

បន្ទាប់ពីដំណើរការរយៈពេល២សប្តាហ៍រួចមក ការប្រកួតវាយកូនបាល់ទីលានដីឥដ្ឋ កម្រិត Grand Slam ពានរង្វាន់ French Open 2024 បានបញ្ចប់រួចរាល់ហើយ ដែលការប្រកួតបានធ្វើឡើងនាទីក្រុង ប៉ារីស ប្រទេសបារាំង។

នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកផ្នែកបុរសផងដែរ នោះគឺកីឡាករកំពុងឈរលេខ៣ពិភពលោកមកពី អេស្ប៉ាញ Carlos Alcaraz ដោយបានយកឈ្នះកីឡាករលេខ៤ពិភពលោកមកពីអាល្លឺម៉ង់ Alexander Zverev នៅក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-3 2-6 5-7 6-1 និង 6-2។

នេះជាពានរង្វាន់ French Open ដំបូងរបស់ Carlos Alcaraz បានឈ្នះ និងជាពានរង្វាន់កម្រិត Grand Slam ទី៣របស់គេ បន្ទាប់ពីធ្លាប់ឈ្នះពានរង្វាន់ Wimbledon ឆ្នាំ២០២៣ និង US Open ឆ្នាំ២០២២ រួចមក។

ងាកមកខាងផ្នែកនារីវិញ កីឡាការិនីលេខ១ពិភពលោក មកពីប៉ូឡូញ Iga Świątek បានបន្តការពារតំណែងជើងឯក French Open របស់ខ្លួនបានដោយជោគជ័យ បន្ទាប់ពីយកឈ្នះ កីឡាការិនីអ៊ីតាលី Jasmine Paolini នៅវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-2 និង 6-1។ នេះជាពានរង្វាន់ French Open ទី៤ និងជាការឈ្នះពានរង្វាន់នេះចំនួន ៣លើកជាប់ៗគ្នារបស់កីឡាការិនី វ័យ២៣ឆ្នាំ។

សូមបញ្ជាក់ថា កម្មវិធី French Open 2024 គឺជាការដំណើរការលើកទី១២៣ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សម្រាប់ជើងឯកនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ប្រមាណ ២លាន ៥សែនដុល្លារឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង