គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Deschamps បានឱ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe កំពុងជាសះស្បើយពីរបួស នៅមុនព្រឹត្តិការណ៍ UEFA Euro 2024 ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
ក្រុមបារាំង បានត្រឹមស្មើគ្មានគ្រាប់បាល់ទល់នឹងក្រុមកាណាដា កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ខណៈ Mbappe អង្គុយនៅកៅអីបម្រុង ដោយចូលលេងពេលនៅសល់ ១៥ នាទីចុងក្រោយ។
ខ្សែប្រយុទ្ធដែលបានផ្លាស់ទៅកាន់ក្រុម Real Madrid កាលពីសប្តាហ៍មុន បានខកខានការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំង កាលពីថ្ងៃសៅរ៍ មុនការប្រកួតនៅ Euro នៅប្រទេសអាល្លឺម៉ង់ ដែលចាប់ផ្តើមប្រកួតទល់នឹងអូទ្រីស នៅថ្ងៃទី១៨ ខែមិថុនា (ម៉ោងនៅកម្ពុជា) ដែលក្រុមហ៊ុន CBS ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅក្នុងប្រទេសកម្ពុជា។
តាមសារព័ត៌មាន L’Equipe បានរាយការណ៍ថា Mbappe បានជួបបញ្ហារបួសខ្នង ប៉ុន្តែតែអាចចូលលេងបាន។ របាយការណ៍ក៏បានអះអាងថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ក៏មានបញ្ហាជង្គង់ផងដែរ ប៉ុន្តែ Mbappe បានចាកចេញពីកីឡដ្ឋាន ដោយគ្មានសញ្ញានៃរបួសកាលពីយប់ថ្ងៃអាទិត្យ។
លោក Deschamps គ្រូបង្វឹកបារាំង បានឱ្យដឹងថា ស្នាមជាំលើជង្គង់របស់ Mbappe បានចាប់ផ្តើមធូរស្រាល។ លោកបានបញ្ជាក់ថា៖ “Kylian បានទទួលរងអំឡុងពេលប្រកួត (ការប្រកួត ឈ្នះទល់នឹង Luxembourg ៣-០ កាលពីថ្ងៃពុធក្នុងទីក្រុង Metz) និងកាលពីម្សិលមិញ (ថ្ងៃសៅរ៍) មុនពេលការប្រកួត មានស្នាមជាំនៅលើជង្គង់៕”
“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”