×

ខ្សែបម្រើ Frenkie de Jong នឹងខកខានជួយហូឡង់នៅ UEFA Euro 2024 ព្រោះរបួស

ខ្សែបម្រើ Frenkie de Jong នឹងខកខានជួយក្រុមបាល់ទាត់ជម្រើសជាតិហូឡង់នៅក្នុងព្រឹត្តិការណ៍ UEFA Euro 2024 នៅរដូវក្តៅនេះ ដោយសារបញ្ហារបួសរបស់គេ។

ជាការពិត កីឡាករវ័យ២៧ឆ្នាំ បានតស៊ូក្នុងការធ្វើអោយរាងកាយខ្លួនឯងមានភាពពេញលេញឡើងវិញ បន្ទាប់ពីមានបញ្ហារបួស កជើងជាច្រើនដង នៅក្នុងរដូវកាលនេះ ពេលរូបគេលេងអោយក្លិប Barcelona។

បើទោះជាមានបញ្ហារបួសក៏ពិតមែន ប៉ុន្តែក្រុមហូឡង់ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Ronald Koeman នៅតែបញ្ចូលឈ្មោះគេ ក្នុងបញ្ជីកីឡាករ២៦រូប សម្រាប់ការធ្វើដំណើរមកប្រទេសអាល្លឺម៉ង់ដដែល។

Frenkie de Jong បានព្យាយាមហ្វឹកហាត់ ជាមួយមិត្តរួមក្រុមដទៃ ក្រោយពីការហ្វឹកហាត់ដោយខ្លួនឯងជាច្រើនសប្តាហ៍រួចមក តែបន្ទាប់ពីការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យក្រុមជម្រើសជាតិហូឡង់រួចមកបានរកឃើញថារូបគេមិនអាចជាសះស្បើយគ្រប់គ្រាន់ដើម្បីជួយក្រុមនោះទេ។

កីឡាករនាំលេងរបស់ហូឡង់រូបនេះ បានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិរបស់គេ តាំងពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនបាន ៥៤ដង ស៊ុតបញ្ចូលទី២គ្រាប់ ដោយក្នុងនោះរូបគេបានលេងក្នុងព្រឹត្តិការណ៍ World Cup 2022 និង UEFA Euro 2020 ផងដែរ។

អវត្តមាននេះបានធ្វើអោយសាមីកីឡាករមានការសោកស្តាយយ៉ាងខ្លាំង ហើយរូបគេនឹងត្រូវវិលត្រឡប់ទៅក្លិប Barcelona វិញ ដើម្បីបន្តការព្យាបាលរបួស ខណៈដែល លោក Ronald Koeman វិញ នឹងត្រូវជួបភាពស្មុគស្មាញ ក្នុងការស្វែងរកជម្រើសមកជំនួសកន្លែងរបស់ Frenkie de Jong ស្របពេលការប្រកួតកាន់តែកៀកមកដល់ទៅហើយ។

សូមបញ្ជាក់ថា នៅ UEFA Euro 2024 ក្រុមហូឡង់បានផ្គូផ្គង ចូលពូល D ដោយត្រូវចាប់ផ្តើមការប្រកួតបើកឆាកទល់នឹងប៉ូឡូញនៅថ្ងៃទី ១៦ ខែមិថុនា រួចបន្តប៉ះបារាំងនៅថ្ងៃទី ២១ ខែមិថុនា ហើយចុងក្រោយជួប អូទ្រីសនៅថ្ងៃទី ២៥ ខែមិថុនា ខាងមុខ៕

“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង