×

កីឡដ្ឋាន Volksparkstadion ត្រៀមរួចរាល់សម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024

កីឡដ្ឋាន Volksparkstadion ដែលស្ថិតក្នុងទីក្រុង Hamburg ភាគខាងជើងប្រទេសអាល្លឺម៉ង់ បានត្រៀមរួចរាល់ សម្រាប់ការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ UEFA Euro 2024។

ជាការពិត កីឡដ្ឋាន ដែលជាផ្ទះរបស់ក្លិបបាល់ទាត់ Hamburger SV ជាកីឡដ្ឋានមួយ ក្នុងចំណោមកីឡដ្ឋានទាំង ១០ ដែលម្ចាស់ផ្ទះអាល្លឺម៉ង់បានជ្រើសរើសជាទីតាំងរៀបចំការប្រកួត។

កីឡដ្ឋាន Volksparkstadion បានបើកដំណើរការតាំងពីឆ្នាំ ១៩៥៣មក និងបានធ្វើការជួសជុលអភិវឌ្ឈន៍នៅឆ្នាំ១៩៩៨ ដោយវាមានសមត្ថភាពផ្ទុក អ្នកទស្សនាដល់ទៅ ៥៧០០០កៅអី ។

កីឡដ្ឋានមួយនេះ ក៏ធ្លាប់បានដំណើរការព្រឹត្តិការណ៍ប្រកួតបាល់ទាត់ធំៗជាច្រើនមកហើយ ដូចជា FIFA World Cup 1974, UEFA Euro 1988, FIFA World Cup 2006 និង UEFA Europa League 2010 ផងដែរ។

សម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024 នេះ កីឡដ្ឋាន Volksparkstadion នឹងដំណើរការការប្រកួតចំនួន ៥ ប្រកួត គឺការប្រកួតរបស់ប៉ូឡូញ ទល់នឹង ហូឡង់ក្នុងពូល D, ការប្រកួតរបស់ក្រូអាតទល់នឹងអាល់បានី ក្នុងពូល B, ការប្រកួតរបស់ហ្សក់ហ្ស៊ី ទល់នឹង ឆេក និងការប្រកួតរបស់ឆេកទលើនឹងទួរគីក្នុងពូល F រួមទាំងការប្រកួតវគ្គ៨ក្រុមចុងក្រោយ១ប្រកួត។

សូមបញ្ជាក់ថា UEFA Euro 2024 នឹងដំណើរការនាប្រទេសអាល្លឺម៉ង់ ដោយការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ ១៤ ខែកក្កដា ខាងមុខ ដោយការប្រកួតក៏នឹងមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍របស់ CBS ដែលមាន CTN CNC និង MYTV ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង