គ្រូបង្វឹក លោក Carlo Ancelotti បាននិយាយថា ការផ្តល់បទសម្ភាសរបស់លោកទៅកាន់កាសែតអ៊ីតាលី ថា Real Madrid នឹងបដិសេធការលេងពានរង្វាន់ FIFA Club World Cup មិនឆ្លុះបញ្ចាំងតាមរបៀបដែលលោកចង់បាននោះទេ ខណៈក្លិបនៅក្របខណ្ឌ La Liga បានបញ្ជាក់សារជាថ្មីអំពីបំណងចង់លេងក្នុងការប្រកួតនេះ។
បុរសវ័យ៦៥ឆ្នាំ ត្រូវបានដកស្រង់សម្តីដោយ Il Giornale ពីការរិះគន់ FIFA ថា បានផ្តល់ប្រាក់រង្វាន់ទាបដល់ក្រុមដែលឈ្នះពាន UEFA Champions League ១៥ ដង ដោយក្រុមលោកគួរតែទទួលបានប្រាក់រង្វាន់ច្រើនជាងនេះ សម្រាប់ការប្រកួតដែលបានកែប្រែឡើងដល់ ៣២ក្រុម។
លោក Ancelotti បាននិយាយថា “FIFA អាចបំភ្លេចវាបាន កីឡាករបាល់ទាត់ និងក្លិបនានានឹងមិនចូលរួមក្នុងការប្រកួតនោះ។ Real Madrid ប្រកួតមួយដងតម្លៃ ២០លានអឺរ៉ូ តែ FIFA ចង់អោយយើងត្រឹម ២០លានអឺរ៉ូ សម្រាប់ការប្រកួតទាំងអស់ក្នុងមួយព្រឹត្តិការណ៍នោះ”។
ទោះបីជាយ៉ាងណា បុរសសញ្ជាតិអ៊ីតាលីបានបដិសេធអំពីការអត្ថាធិប្បាយទាំងនោះ ដោយថា វាមិនបានឆ្លុះបញ្ចាំងពីអ្វីដែលលោកចង់បានពិតប្រាកដ។ សម្រាប់ក្លិប Real Madrid បានចេញសេចក្តីថ្លែងការណ៍ថា ការចូលរួមរបស់ពួកគេនៅក្នុងការប្រកួត FIFA Club World Cup គឺបន្តធ្វើឡើងដដែល។ លោក Ancelotti ដែលជាគ្រូបង្វឹកបាល់ទាត់ដ៏ជោគជ័យបំផុតម្នាក់នៅអឺរ៉ុប បានឈ្នះពានរង្វាន់ FIFA Club World Cup ៣ដង និង UEFA Champions League ៥ដង ក៏នឹងបន្តដឹកនាំក្រុមសម្រាប់ការប្រកួតពានរង្វាន់មួយនោះ។
ព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍កែប្រែថ្មីមួយរបស់ FIFA ដែលនឹងផ្ដល់ឱកាសដល់ក្លិបនានាជុំវិញពិភពលោកប្រកួតគ្នា។ ទម្រង់នឹងការលេងនៅឆ្នាំក្រោយនេះនឹងមាន ៣២ក្រុម ហើយលេងក្នុងទម្រង់ចែកជា ៨ពូល។ ២ក្លិបក្នុងមួយពូលនឹងឡើងទៅវគ្គ ១៦ក្រុម រួចជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ៣២ក្រុមនេះជ្រើសរើសចេញពីក្លិបនៅក្នុងទ្វីបនានា ដោយក្នុងនោះ អាស៊ីមាន ៤ក្លិប អាហ្វ្រិកមាន ៤ក្លិប អាមេរិកខាងជើងមាន ៤ក្លិប អាមេរិកខាងត្បូងមាន ៦ក្លិប អូសេអានី ១ក្លិប និងអឺរ៉ុបមាន ១២ក្លិប៕