×

ក្រុមជម្រើសជាតិអង់គ្លេសធ្វើដំណើរដល់ប្រទេសអាល្លឺម៉ង់មុនគេត្រៀមសម្រាប់ UEFA Euro 2024

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ជាក្រុមដំបូងគេដែលបានធ្វើដំណើរទៅដល់ទឹកដីប្រទេសអាល្លឺម៉ង់ហើយ ដើម្បីត្រៀមខ្លួនប្រជែងជើងឯអឺរ៉ុប UEFA Euro 2024 ដោយពួកគេនឹងបោះជំរំហ្វឹកហាត់ក្នុងទីក្រុង Blankenhain។

ជម្រើសជាតិអង់គ្លេស កាលពីការប្រកួត Euro 2020 ពួកគេបានត្រឹមតែជាក្រុមជើងឯករង ដោយកាលនោះប្រកួតចាញ់ក្រុមអ៊ីតាលី ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។ សម្រាប់ការប្រកួតឆ្នាំ ២០២៤ អង់គ្លេស ស្ថិតក្នុងពូល C ជាមួយក្រុមដាណឺម៉ាក, ស្លូវេនី, និងស៊ែប៊ី។

ទៅដល់អាល្លឺម៉ង់ ក្រុមអង់គ្លេស នឹងត្រូវស្នាក់នៅក្នុងសណ្ឋាគា ដ៏ប្រណីតលំដាប់ផ្កាយ ៥ មានឈ្មោះថា Weimarer Land Spa & Golf ស្ថិតក្នុងទីក្រុង Blankenhain។ Blankenhain ជាទីក្រុងតូចជនបទមួយនៅភាគខាងកើតប្រទេសអាល្លឺម៉ង់ ដែលមានប្រជាជនតិចជាង ៧,០០០នាក់ ហើយនៅក្បែនឹងទីក្រុង Leipzig ជាងគេបង្អស់។

ការប្រកួតរបស់អង់គ្លេស នឹងត្រូវធ្វើឡើងស្ថិតក្នុងទីក្រុងភាគខាងលិចនៃប្រទេសអាល្លឺម៉ង់ ដោយពួកគេត្រូវធ្វើដំណើរសម្រាប់ជំនួបទល់នឹងក្រុមសែប ក្នុងទីក្រុង Gelsenkirchen, ប្រកួតទល់ដាណឺម៉ាក ក្នុងទីក្រុង Frankfurt និងជួបស្លូវេនី ក្នុងទីក្រុង Cologne។

ទីកន្លែងស្នាក់របស់អង់គ្លេស គឺជាការជួលដាច់ស្ទើរតែពេញមួយរមណីយដ្ឋានតែម្តង់ មានផ្ទៃដីទំហំ ១,០០០ហិចតា ដោយរមណីយដ្ឋាន Weimarer មានទាំងអាហារដ្ឋាន អាងហែលទឹក ទីលានវាយកូនហ្គោល ទីលានបាល់បោះ ទីលានវាយកូនបាល់ និងផ្លូវជិះកង់កម្សាន្តកាត់តាមព្រៃថែមទៀត។ បើតាមការអះអាងរបស់ម្ចាស់សណ្ឋាគារ ក្រុមអង់គ្លេស បានទាមទារអោយសណ្ឋាគារ រៀបចំទីលានបាល់ទាត់ដែលមានស្ថានភាពស្មើដូចទៅនឹងកីឡដ្ឋាន Wembley និងមានលិខិតទទួលស្គាល់ពីសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ថែមទៀត៕

“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង