×

វៀតណាម នឹងរៀបចំស៊ីហ្គេម នាពាក់កណ្ដាលខែឧសភា ខណៈកម្ពុជា ត្រូវបានគាំទ្រធ្វើសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ចុងឆ្នាំនេះ

យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានធ្វើការអះអាងថា នឹងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២។

ការអះអាងនេះ ធ្វើឡើងចំពោះមុខសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៨ ខែតុលានេះ ខណៈបណ្ដាប្រទេសទាំងអស់ បានគាំទ្រឱ្យកម្ពុជាធ្វើសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ចាប់ពីខែធ្នូ ឆ្នាំ២០២១ តទៅ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា៖ “គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានអះអាងថា ស៊ីហ្គេម លើកទី៣១ នឹងត្រូវធ្វើនៅពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែមិនទាន់ប្រាកដថ្ងៃនោះទេ គ្រាន់តែប្ដេជ្ញានឹងធ្វើឲ្យបាន នៅពាក់កណ្ដាលខែឧសភា។ ចំពោះពេលវេលាច្បាស់លាស់ វៀតណាមនឹងផ្ដល់លិខិតផ្លូវការដល់បណ្ដាប្រទេសសមាជិកក្នុងពេលឆាប់ៗនេះ”។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដដែលបន្ដថា៖ “ដោយសារកម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេមដែរ គេនឹងឱ្យកម្ពុជាធ្វើជាសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅក្នុងខែធ្នូ ឆ្នាំ២០២១ ដើម្បីឱ្យកម្ពុជាបានបន្ដការងាររបស់ខ្លួន ដោយផ្លូវការ ពេញសិទ្ធ និងពេញលក្ខខណ្ឌ ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ដ្ររបស់ខ្លួន នាឆ្នាំ២០២៣”។

លោក វ៉ាត់ ចំរើន បន្ថែមថា ទាំងការអះអាងរៀបចំស៊ីហ្គេម នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២២ របស់ភាគីវៀតណាម ក៏ដូចជាការឲ្យកម្ពុជាធ្វើសហប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ សុទ្ធតែទទួលបានការគាំទ្រពីបណ្ដាប្រទេសអាស៊ាន គ្រាន់តែការធ្វើសហប្រធាននេះ ត្រូវរង់ចាំការសម្រេចផ្លូវការរបស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាខែធ្នូខាងមុខ ដែលគេនឹងអនុម័តផ្ដល់សិទ្ធិដល់កម្ពុជា៕

ប្រភពអត្ថបទនិងរូបភាព ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង