×

អាល្លឺម៉ង់ប្រើបច្ចេកវិទ្យាទំនើបដើម្បីទម្លាក់ដ្រូនឈ្លានពានកីឡដ្ឋានសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024

អាល្លឺម៉ង់ បានប្រកាសថា កីឡដ្ឋានសម្រាប់រៀបចំការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 ចំនួន ១០ គឺជាតំបន់គ្មានដ្រូន ហើយខ្លួននឹងរឹតបន្តឹងការចរាចរណ៍ផ្លូវអាកាស ក្នុងអំឡុងពេលការប្រកួតរយៈពេលមួយខែពេញ។

កាលពីពេលថ្មីៗនេះ អាជ្ញាធរអាល្លឺម៉ង់ បានបង្ហាញពីឧបករណ៍ដ៏ទំនើបមួយ ដែលអាចទាញទម្លាក់ដ្រូន ដើម្បីជាការបង្ការនូវការបង្ហោះដ្រូនដែលខុសច្បាប់ នៅក្នុងកីឡដ្ឋានសម្រាប់ការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប Euro ឆ្នាំ២០២៤ ។ ឧបករណ៍នេះ មិនបានទម្លាក់ដោយគ្រាប់ពិតនោះទេ ប៉ុន្តែវាអាចរារាំងរលកសញ្ញាពីឧបករណ៍ដែលបញ្ជាដ្រូនពីចម្ងាយ ដើម្បីទាញទម្លាក់ដ្រូនមកលើផ្ទៃដី។

អាជ្ញាធរអាល្លឺម៉ង់ បាននិយាយថា មានតែដ្រូនរបស់ប៉ូលិស និងក្រុមជួយសង្គ្រោះប៉ុណ្ណោះ ដែលនឹងត្រូវលើកលែង ហើយជនល្មើសដែលបង្ហោះដ្រូនក្នុងតំបន់ហាមឃាត់ នឹងអាចជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។

អាជ្ញាធរអាល្លឺម៉ង់បានបន្ថែមថា បទប្បញ្ញត្តិនេះ គឺមានសារសំខាន់ក្នុងគោលបំណងកាត់បន្ថយហានិភ័យដែលអាចកើតមានលើកីឡាករ ទស្សនិកជន និងសុវត្ថិភាពទូទៅ។

ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 ប្រព្រឹត្តទៅពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ក្រុមហ៊ុន CBS ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខព្រឹត្តិការណ៍នេះ នៅក្នុងប្រទេសកម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង