ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានមកដល់ជំរុំហ្វឹកហាត់របស់ខ្លួនហើយ ដែលស្ថិតនាទីក្រុង Paderborn ភាគខាងជើងប្រទេសអាល្លឺម៉ង់ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2024។
ក្រុមរបស់លោក Didier Deschamps នឹងបើកយុទ្ធនាការ UEFA Euro 2024 របស់ពួកគេដោយត្រូវតទល់នឹងក្រុមអូទ្រីសនៅថ្ងៃទី១៧ ខែមិថុនា ក្នុងពូល D ដែលត្រូវចាត់ទុកជាពូលដ៏លំបាក ព្រោះមានក្រុមជើងខ្លាំង២ទៀតគឺក្រុមជើងឯក Euro ឆ្នាំ ១៩៨៨ ហូឡង់ រួមជាមួយក្រុមប៉ូឡូញផងដែរ។
ក្នុងអំឡុងពេលនៃការដឹកនាំ ១២ ឆ្នាំរបស់លោក Deschamps ក្រុមមាន់គកបារាំង បានឈានដល់វគ្គផ្តាច់ព្រ័ត្រសំខាន់ៗចំនួន ៣ ព្រឹត្តិការណ៍ មកហើយ ។
ជាក់ស្តែង បារាំងបានឈ្នះការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ ខណៈពេលដែលបានបញ្ចប់ចំណាត់ថ្នាក់ជើងឯករងក្រោយចាញ់អាហ្សង់ទីននៅ FIFA World Cup ឆ្នាំ ២០២២ និងចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០១៦ ក្រោមថ្វីជើងក្រុមព័រទុយហ្គាល់នៅលើទឹកដីខ្លួនឯង។
ជាមួយនឹងភាពចម្រុះនៃកីឡាករវ័យក្មេងៗ មានទេពកោសល្យ រួមទាំង កីឡាករមួយចំនួនដែលមានបទពិសោធន៍ និងជាកីឡាករល្អបំផុតរបស់ពិភពលោកដូចជាខ្សែប្រយុទ្ធ Kylian Mbappe ជាដើមនោះ ក្រុមជម្រើសជាតិបារាំងគឺជាក្រុមដែលមានលទ្ធភាពខ្ពស់ក្នុងការឈ្នះការប្រកួត និងលើកពានទ្វីបអឺរ៉ុបលើកទី៣ របស់ពួកគេក្នុងការប្រកួតនៅប្រទេសអាល្លឺម៉ង់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2024 នឹងដំណើរការ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ ១៤ ខែកក្កដា ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CTN CNC និង MYTV ផងដែរ៕