ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC លោក Thomas Bach បាននិយាយថាបញ្ហានយោបាយនៅបារាំងនឹងមិនប៉ះពាល់ដល់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ដែលចាប់ផ្តើមនាពេលឆាប់ៗនេះទេ។
ជាការពិត ប្រធានាធិបតីបារាំង លោក Emmanuel Macron ធ្វើអោយមានការភ្ញាក់ផ្អើល ជាមួយនឹងការអំពាវនាវ របស់លោកអោយមាន ការបោះឆ្នោតសភាថ្មី មុនពេលប្រទេសនេះ បើកការប្រកួតកីឡា អូឡាំពិកជាផ្លូវការ ។ លោក Macron បានធ្វើការអំពាវនាវ អោយមានការបោះឆ្នោតនេះឡើង បន្ទាប់ពីគណបក្ស ស្តាំនិយមជ្រុល បានទម្លាក់គណបក្សខ្លួនឯង ក្នុងការបោះឆ្នោតសភាអឺរ៉ុប។ ការបោះឆ្នោតចំនួន២លើក នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី ៧ ខែកក្កដា ដែលនឹងកើតឡើងតិចជាង ៣ សប្តាហ៍មុនពេលព្រឹត្តិការណ៍អូឡាំពិកចាប់ផ្តើម។
ទាក់ទិននឹងរឿងនេះ លោក Bach បាននិយាយថា “មេដឹកនាំនយោបាយបារាំង បានរួបរួមគ្នាថា ប្រទេសបារាំង ធ្លាប់រៀបចំការបោះឆ្នោត ហើយពួកគេនឹងធ្វើវាម្តងទៀត ហើយនឹងមានរដ្ឋាភិបាលថ្មី ហើយអ្នករាល់គ្នានឹងគាំទ្រ កីឡាអូឡាំពិក។ មេដឹកនាំនយោបាយបារាំងបានរួបរួមគ្នា ក្នុងការគាំទ្ររបស់ពួកគេចំពោះការប្រកួត។ ខ្ញុំមិនមានការបង្ហាញអ្វីដែលថា ការរួបរួមនេះ នឹងបែកបាក់នៅពេលនេះតែ២ឬ៣ ថ្ងៃប៉ុណ្ណោះមុនការប្រកួតបើក។”
អភិបាលក្រុង ប៉ារីស Anne Hidalgo ជាអ្នកសង្គមនិយម បាននិយាយថា លោកស្រីមានការលំបាក ក្នុងការយល់ដឹងថា ហេតុអ្វីបានជាលោក Macron ជ្រើសរើសបោះប្រទេសទៅក្នុងភាព មិនប្រាកដប្រជាផ្នែកនយោបាយ នៅជិតការប្រកួតកីឡា ដោយហៅការផ្លាស់ប្តូរនេះថា រដ្ឋប្រហារមួយទៀត ដោយប្រធានាធិបតី។
ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ អូឡាំពិកឆ្នាំ២០២៤ លោក Tony Estanguet បាននិយាយថា ក្រុមរបស់លោកមានការតាំងចិត្តច្រើនជាងពេលណាៗទាំងអស់ ដើម្បីធ្វើអោយការប្រកួត ទទួលបានជោគជ័យ ។ មានការបោះឆ្នោត ប្រហែលដប់ចាប់តាំងពីយើងចាប់ផ្តើមបេក្ខភាពសម្រាប់កីឡាអូឡាំពិក ហើយយើងបានយល់ពីរបៀបធ្វើការ ជាមួយតួអង្គសាធារណៈ ៕