×

Cristiano Ronaldo ថា អាជីពរបស់ខ្លួនអាចប្តូររបត់ថ្មី ក្រោយចប់ UEFA Euro 2024

ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយបើកចំហរពីកត្តាអនាគតរបស់គេថា គ្មានពេលច្រើនទៀតឡើយ សម្រាប់អាជីពបាល់ទាត់។ ក្រោយពីព្រឹត្តិការណ៍ UEFA Euro 2024 បញ្ចប់ទៅ ការប្រកួតប្រជែងក្នុងវិស័យបាល់ទាត់របស់ Ronaldo អាចនឹងចូលដល់របត់ថ្មី។

Ronaldo បច្ចុប្បន្ន មាន វ័យ ៣៩ឆ្នាំ តែគេនៅអាចបង្ហាញទៅកាន់ពិភពលោកថា គេនៅតែជាកីឡាករតំបន់ប្រយុទ្ធដ៏មានសមត្ថភាពខ្លាំងមួយរូប ដោយការរកបានគ្រាប់បាល់ ៤៤គ្រាប់ ពីការលេង ៤៥ប្រកួតអោយក្លិប Al Nassr រដូវកាល ២០២៣-២៤។ កាលពីពេលថ្មីៗនេះ Ronaldo បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ អោយក្រុមជម្រើសជាតិព័រទុយហ្កាល់ យកឈ្នះការប្រកួតមិត្តភាពទល់នឹងក្រុមអៀរឡង់ មុនការប្រកួត Euro 2024 មកដល់។

ទោះជាបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ ដែលអាចរកបានគ្រាប់បាល់ និងការបញ្ជូនបាល់អោយមិត្តរួមក្រុម ប៉ុន្តែ Ronaldo បានលើកឡើងថា រូបគេគ្មានពេលវេលាច្រើនទៀតឡើយសម្រាប់អាជីពបាល់ទាត់កម្រិតកំពូល។ Ronaldo ទំនងចង់បង្ហាញពីការចង់ចូលនិវត្តន៍ពីអាជីពបាល់ទាត់នាពេលខាងមុខ ពោលគឺទំនងជានៅក្រោយបញ្ចប់ព្រឹត្តិការណ៍អឺរ៉ុបនៅអាល្លឺម៉ង់។

Ronaldo បាននិយាយយ៉ាងដូច្នេះថា “ខ្ញុំដឹងថាខ្ញុំគ្មានពេលច្រើនឆ្នាំទៀតឡើយក្នុងបាល់ទាត់។ ខ្ញុំអាចបន្តនៅលេងបាន ក្នុងវ័យ៣៩ឆ្នាំ ប្រៀបបានជាអំណោយដ៏ពិសេសមួយអ៊ីចឹង។ ខ្ញុំនៅតែស្រលាញ់បាល់ទាត់ រាល់ការប្រកួតគឺពិតជាពិសេស ការលេងជាមួយព័រទុយហ្កាល់ អ្នកនឹងមានមោទនភាព ប្រៀបបានជាក្តីស្រមៃនៅពេលខ្ញុំមានអាយុ ២០ឆ្នាំ អ៊ីចឹងដែរ។”

ក្រុមជម្រើសជាតិព័រទុយហ្កាល់ នឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ក្នុងពេលដ៏ឆាប់ខាងមុខ ហើយដែលជាការបង្ហាញខ្លួនចុងក្រោយ និងលើកទី៦ របស់ Ronaldo ជាមួយក្រុមព័រទុយហ្កាល់ក្នុងព្រឹត្តិការណ៍ពានរង្វាន់អន្តរជាតិ។ ព័រទុយហ្កាល់ បានផ្គូផ្គងចូល ពូល F រួមជាមួយ ទួរគី ហ្សកហ្ស៊ី និង ឆេក៕

“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង