
ក្លិប AC Milan បានសម្រេចតែងតាំងលោក Paulo Fonseca មកជាគ្រូបង្វឹកថ្មី របស់ពួកគេ។ នេះបើតាមការប្រកាសអោយដឹងពីក្លិបនៅក្របខណ្ឌ Serie A។
បុរសជនជាតិព័រទុយហ្កាល់វ័យ៥១ឆ្នាំ ដែលបានដឹកនាំក្លិបបារាំង Lille ពីឆ្នាំ ២០២២-២០២៤ បានចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ពោលគឺដល់ឆ្នាំ២០២៧ ក្នុងការដឹកនាំនាទឹកដី San Siro។
លោក Paulo Fonseca បានកាន់ការងារនៅ ក្លិប AC Milan ជំនួសកន្លែងរបស់លោក Stefano Pioli ដែលបានចាកចេញ ក្រោយចប់រដូវកាល២០២៣-២៤ ដោយលោកបានជួយក្លិប បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ មាន១៩ពិន្ទុពីក្រោមក្រុមជើងឯក Inter Milan និងទទួលបានកៅអី UEFA Champions League រដូវកាលក្រោយ។
សម្រាប់លោក Paulo Fonseca វ័យ ៥១ ឆ្នាំ វិញ បានចាកចេញពីក្លិប Lille បន្ទាប់ពីពួកគេបានបញ្ចប់ចំណាត់ថ្នាក់លេខ៤ នៅក្របខណ្ឌ Ligue 1 ដោយរបូតឱកាសទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់ពានរង្វាន់ Champions League។ Lille ក៏បានចាញ់ Aston Villa នៅវគ្គ៨ក្រុមចុងក្រោយ Europa Conference League ផងដែរ។
ទោះយ៉ាងណា ក្លិប AC Milan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយពីភាពរីករាយនិងភាពជឿជាក់ថា លោក Paulo Fonseca នឹងអាចដឹកនាំក្លិបទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតរដូវកាលថ្មីខាងមុខ។
លោក Paulo Fonseca បានបទពិសោធដឹកនាំក្លិបជាច្រើន ដោយក្នុងនោះមានក្លិបធំៗដូចជា Porto, Shakhtar Donetsk, Roma និង Lille នេះ៕