×

ម្ចាស់ផ្ទះអាល្លឺម៉ង់បង្កើនសន្តិសុខតឹងរឹងហាមឃាត់ការបង្ហោះដ្រូននៅកន្លែងរៀបចំការប្រកួត UEFA Euro 2024

អង្គភាពការពារផ្លូវអាកាសរបស់អាល្លឺម៉ង់ DFS បាននិយាយថា ពួកគេនឹងរិតបន្តឹងសន្តិសុខ ដោយហាមឃាត់ការបង្ហោះយន្តហោះគ្មានមនុស្សបើក ដូ្រនគ្រប់ប្រភេទ នៅទីតាំងនិងកីឡដ្ឋាន រៀបចំការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 ហើយការរិតបន្តឹងចរាចរណ៍ផ្លូវអាកាសក៏នឹងត្រូវអនុវត្តន៍ផងដែរ អំឡុងការប្រកួតដំណើរ។

ជាការពិត ការបង្កើនភាពតឹងរឹងផ្នែកសន្តិសុខបានធ្វើឡើងនៅតាមកីឡដ្ឋាន និង ទីក្រុងទាំង១០ ដែលអាល្លឺម៉ង់យកធ្វើជាទីតាំងរៀបចំការប្រកួត UEFA Euro 2024 ដើម្បីធានាសុវត្ថិភាពពីការវាយប្រហារផ្សេងៗ។

នៅក្នុងនោះ ការបង្ហោះគ្មានមនុស្សបើក ដូ្រន ដោយគ្មានការអនុញ្ញាត នៅជុំវិញទីតាំងហាមឃាត់ អាចនឹងត្រូវបាន អង្គភាពការពារផ្លូវអាកាសអាល្លឺម៉ង់ DFS បាញ់ទម្លាក់ ដោយយន្តហោះដ្រូននេះ នឹងត្រូវបានធ្វើឡើងសម្រាប់តែប៉ូលីស និងកងកម្លាំងជួយសង្គ្រោះប៉ុណ្ណោះ។ជនដែលប្រព្រឹត្តបទល្មើស អាចត្រូវបានចាត់ថ្នាក់ថាជាការជ្រៀតជ្រែកដ៏គ្រោះថ្នាក់ដល់ចរាចរណ៍ផ្លូវអាកាស ដែលអាចឈានទៅដល់ការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ។

DFS បាននិយាយថា “បទប្បញ្ញត្តិនេះគឺមានសារៈសំខាន់យ៉ាងសំខាន់ក្នុងគោលបំណងកាត់បន្ថយហានិភ័យដែលអាចកើតមានសម្រាប់អ្នកលេង អ្នកទស្សនា និងសុវត្ថិភាពទូទៅ។”
DFS បាននិយាយថា ការរឹតបន្តឹងលើសពីយន្តហោះគ្មានមនុស្សបើកអាចអនុវត្តបាន រួមទាំងយន្តហោះដឹកអ្នកដំណើរ អាស្រ័យលើការវាយតម្លៃសុវត្ថិភាពដោយប៉ូលីសសម្រាប់ការប្រកួតដែលបានដំណើរការដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដា នាប្រទេសអាល្លឺម៉ង់ ដោយការប្រកួតក៏នឹងមានផ្សាយបន្តផ្ទាល់លើ CTN CNC និង MYTV ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង