×

លោក Gareth Southgate សរសើរ Jude Bellingham ក្រោយស៊ុតឱ្យអង់គ្លេសឈ្នះស៊ែប៊ីឈរកំពូលតារាងពូល C ពានរង្វាន់ UEFA Euro 2024

គ្រូបង្វឹកលោក Gareth Southgate បានធ្វើការកោតសរសើរដល់ខ្សែបម្រើ Jude Bellingham ក្រោយពីរូបគេបានស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិអង់គ្លេសយកឈ្នះក្រុមជម្រើសជាតិស៊ែប៊ីឈរកំពូលតារាងពូល C ពានរង្វាន់ UEFA Euro 2024។

ជាការពិត អង់គ្លេស បានយកឈ្នះស៊ែប៊ីដោយលទ្ធផល ១-០ ក្នុងការប្រកួតបើកឆាកពូល C កាលពីយប់មិញ។ ១គ្រាប់ដោយការតែតបញ្ចូលទី របស់កីឡាករកំពុងលេចធ្លោ Jude Bellingham នៅចំពោះមុខអ្នកគាំទ្រជិត៥ម៉ឺននាក់នៅកីឡដ្ឋាន Arena AufSchalke គ្រប់គ្រាន់ដើម្បីជួយអង់គ្លេសទទួលបាន៣ពិន្ទុក្នុងជំនួបដំបូង។

ក្រោមការដឹកនាំរបស់លោក Gareth Southgate អង់គ្លេសដែលបាត់វត្តមានកីឡាករសំខាន់ៗច្រើនរូប ជាពិសេសតំបន់ការពារ នៅតែអាចរក្សាទម្រង់ប្រកួតបានល្អប្រសើរ។ ការបង្ហាញខ្លួនរបស់ Bellingham សមាជិកក្រុម Real Madrid រួមជាមួយ Phil Foden, Declan Rice, Bukayo Saka និង Harry Kane បានធ្វើឱ្យក្រុមអង់គ្លេសរឹងមាំសម្រាប់ជំនួបបើកឆាកនេះ។

ក្រោយការធ្វើបានល្អរបស់ Jude Bellingham រួមទាំងសមាជិកផ្សេងទៀតរបស់ក្រុម លោក Gareth Southgate គ្រូបង្វឹកអង់គ្លេស បានបង្ហាញពីភាពពេញចិត្ត និង ភាពជឿជាក់បន្ថែមទៀតចំពោះក្រុមនៅក្នុងការប្រកួតប្រជែងពានរង្វាន់ទ្វីបអឺរ៉ុប នាឆ្នាំនេះ។

លោក Gareth Southgate បាននិយាយបន្ទាប់ពីចប់ការប្រកួតបែបនេះថា៖ “ស៊ែប៊ីជាក្រុមខ្លាំងមួយ ប៉ុន្តែក្រុមរបស់យើងបានបញ្ចេញគុណផលដ៏ល្អបែ្លក។ Jude Bellingham និង សមាជិកដទៃបានបង្ហាញថា ក្រុមរបស់យើងកំពុងមានការប្រកួតដ៏អស្ចារ្យ ហើយក្រុមបានកសាងនូវឆន្ទៈដ៏ខ្លាំងក្លា ដើម្បីស្វែងរកពានរង្វាន់នៅពេលនេះ។”

ដោយឡែក១គូទៀតក្នុងពូល C នេះដែរ គឺដាណឺម៉ាក ទទួលបានលទ្ធផលត្រឹមស្មើស្លូវេនី ១-១។

លទ្ធផលពិន្ទុបណ្តោះអាសន្នក្នុងពូល C អង់គ្លេសឈរកំពូលតារាងមាន៣ពិន្ទុ តាមពីក្រោយដោយដាណឺម៉ាក និងស្លូវេនី ដែលមាន១ពិន្ទុម្នាក់ និងស៊ែប៊ីនៅបាតតារាង។ ជំនួបបន្ទាប់ អង់គ្លេស ជួបដាណឺម៉ាក ស្របពេលស៊ែប៊ីប៉ះ ស្លូវេនី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង