គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំង លោក Didier Deschamps បាននិយាយថា ក្រុមរបស់លោកនឹងនៅតែផ្តោតលើការប្រកួត UEFA Euro 2024 ទោះបីជា ពេលនេះប្រទេសបារាំងកំពុងមានវិបត្តិនយោបាយក្តី។
ការប្រកាសដ៏គួរអោយភ្ញាក់ផ្អើលរបស់ប្រធានាធិបតី បារាំង លោក Emmanuel Macron កាលពី សប្តាហ៍មុន ដើម្បីហៅការបោះឆ្នោតសភាមួយសម្រាប់ចុងខែនេះ បន្ទាប់ពីលោកត្រូវបានទម្លាក់នៅក្នុងសហភាពអឺរ៉ុបដែលបោះឆ្នោតដោយគណបក្សស្តាំជ្រុលរបស់លោកស្រី Marine Le Pen។ ការផ្លាស់ប្តូរនេះបានធ្វើអោយបារាំង ធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជា ផ្នែកនយោបាយ និងបានធ្វើអោយទីផ្សារហិរញ្ញវត្ថុមានការរង្គោះរង្គើរផងដែរ។
បញ្ហានយោបាយនៅក្នុងប្រទេស បាននាំអោយមានការព្រួយបារម្ភពីការជះឥទិ្ធពល ទៅដល់សមាជិកក្រុមជម្រើសជាតិបារាំង ដែលកំពុងចូលរួមព្រឹត្តិការណ៍ UEFA Euro 2024 នាប្រទេសអាល្លឺម៉ង់។ ក្នុងនោះដែរ កាលពីថ្ងៃសៅរ៍កន្លងទៅ សហព័ន្ធបាល់ទាត់បារាំងបានអំពាវនាវអោយក្រុមជម្រើសជាតិ គោរពអព្យាក្រឹតភាពរបស់ខ្លួន ផ្តោតលើការប្រកួត និងកុំអោយកីឡាករ មានការព្រួយបារម្ភពីបញ្ហានយោបាយ។
ឆ្លើយតបនឹងរឿងនេះលោក Didier Deschamps គ្រូបង្វឹកក្រុមបារាំងក៏បានលើកឡើងថា កីឡាកររបស់លោកមានសេរីភាពក្នុងការធ្វើឬនិយាយអ្វីដែលពួកគេចង់ ពាក់ព័ន្ធនឹងបញ្ហានយោបាយនៅក្នុងប្រទេសបារាំង ប៉ុន្តែ ពេលនេះអ្វីដែលពួកគេផ្តោតសំខាន់ជាមុន គឺជាការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបប៉ុណ្ណោះ។
គ្រូបង្វឹកវ័យ ៥៥ឆ្នាំ បានអោយដឹងដូចនេះ “ទោះបីជាយើងជាកីឡាករ តែយើងក៏ជាប្រជាជនបារាំង យើងមានសិទ្ធក្នុងនិយាយអំពីអ្វីដែលកើតឡើងក្នុងប្រទេសរបស់យើង។ យ៉ាងណាមិញ ពេលនេះយើងមានភារកិច្ចដ៏ធំមួយគឺការប្រជែងពានរង្វាន់ UEFA Euro។ វាជាអទិភាពចម្បងរបស់យើង ហើយយើងផ្តោតអារម្មណ៍ និងព្យាយាមអោយបានខ្លាំងក្នុងការប្រកួត។”
សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នឹងចាប់ផ្តើមការប្រកួត UEFA Euro 2024 ពូល D របស់ពួកគេដោយត្រូវប៉ះ ក្រុមអូទ្រីសនៅយប់នេះ វេលាម៉ោង២រំលងអាធ្រាត ដោយការប្រកួតក៏មានផ្សាយបន្តផ្ទាល់ លើ CTN CNC MYTV ផងដែរ៕