×

គ្រូហូឡង់ថា ក្រុមខ្លួនធ្វើបានល្អបំផុតក្រោយវាយបកឈ្នះប៉ូឡូញនៅ UEFA Euro 2024 យប់មិញ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ លោក Ronald Koeman បាន កោតសរសើរការលេងរបស់កូនក្រុមខ្លួន ក្រោយបានវាយបកយកឈ្នះ ២-១ ទៅលើក្រុមប៉ូឡូញ ក្នុងជំនួបបើកឆាកពូល D ពានរង្វាន់ UEFA Euro 2024។

ការប្រកួតវគ្គទី១ ប៉ូឡូញ ហាក់បង្ហាញទម្រង់ប្រយុទ្ធរបស់ខ្លួនល្អខ្លាំង ដោយ នាទី១៥ Adam Buska បានតែតបាល់បញ្ចូលទីបើកការនាំមុខ ១គ្រាប់មុន ។ យ៉ាងណា នាទី២៩ Cody Gakpo បានស៊ុត តាមស្មើលទ្ធផល ១-១ អោយហូឡង់ មុនចប់វគ្គទី១។

នៅវគ្គទី២ ក្រុមទាំងសងខាងនៅតែវាយសម្រុកយ៉ាងខ្លាំងដដែល តែហូឡង់ ព្យាយាមផ្លាស់ប្តូរកីឡាករតំបន់ប្រយុទ្ធ ដើម្បីស្វែងរកឱកាសគ្រាប់ជ័យជំនះបន្ថែម ដោយ Wout Weghorst បានប្តូរចូលនៅនាទី៨១ និងរកបានគ្រាប់បាល់នាំមុខសម្រាប់ហូឡង់ នៅនាទី៨៣ ក្រោយប្តូរចូលបានត្រឹម ២នាទី។ លទ្ធផល ហូឡង់ ២ ប៉ូឡូញ ១ បានរក្សាដល់ចប់ការប្រកួត។

ជាមួយការបង្ហាញទម្រង់លេងយ៉ាងល្អបែបនេះហើយ ធ្វើអោយគ្រូបង្វឹកហូឡង់ លោក Ronald Koeman បង្ហាញពីភាពរីករាយ និង ថា កូនក្រុមរបស់ខ្លួន លេងបានល្អបំផុតក្នុងការប្រកួតឈ្នះប៉ូឡូញនេះ។

គ្រូបង្វឹកវ័យ ៦១ ឆ្នាំ បានថ្លែងដូច្នេះ “យើងមានគុណសម្បត្តិ ព្រោះក្រុមធ្វើបានល្អ។ យើងលេងច្រើនពេកនៅក្រោមស្លាបស្តាំ ហើយមានចន្លោះទំនេរច្រើនទៀតនៅខាងឆ្វេង ប៉ុន្តែ Cody Gakpo រួមទាំងកីឡាករផ្សេងទៀតសហការគ្នាលេងបានល្អណាស់។ នេះជារឿងដ៏រីករាយសម្រាប់ក្រុមរបស់យើង។”

ការឈ្នះ៣ពិន្ទុនេះធ្វើអោយ ហូឡង់ នៅឈរកំពូលតារាងពូល D ជាបណ្តោះអាសន្ន។ ការប្រកួតបន្ទាប់ ហូឡង់ នឹងត្រូវបន្តដំណើរទៅប៉ះក្រុមបារាំង នៅថ្ងៃទី២២ ខែមិថុនា ខណៈដែលក្រុមប៉ូឡូញ នឹងត្រូវទៅជួបអូទ្រីស នៅថ្ងៃទី២១ ខែមិថុនា សម្រាប់ជំនួបពូល D៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង