×

គ្រូហ្សកហ្ស៊ី ថាត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតទល់នឹងតួកគី នៅ UEFA Euro យប់នេះ

គ្រូបង្វឹក លោក Willy Sagnol បាននិយាយថា ក្រុមបាល់ទាត់ជម្រើសជាតិហ្សកហ្ស៊ីរបស់លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីការប្រកួតជាមួយក្រុមជម្រើសជាតិតួកគី ក្នុងជំនួបបើកឆាក ពូល F ព្រឹត្តិការណ៍ UEFA Euro 2024។

ជាការពិត ក្រុមហ្ស៊កហ្ស៊ី បានជួបភាពរីករាយរួចទៅហើយ ដោយការបានទទួលកៅអីមកកាន់ជុំចុងក្រោយនៃការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្រុមហ្ស៊កហ្ស៊ី បានធ្វើដំណើរមកកាន់ប្រទេសអាល្លឺម៉ង់ ក្រោយយកឈ្នះក្រុមក្រិក ដោយការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ៤-២ ក្រោយស្មើគ្នា ០-០ នៅក្នុងវគ្គ Play Off កាលពីខែមីនា ដែលជំរុញអោយមានពិធីអបអរសាទរទូទាំងប្រទេស។ 

ឥឡូវ នេះ ហ្ស៊កហ្ស៊ី នឹងត្រូវបន្តការសាកល្បងដ៏តានតឹងមួយទៀតគឺចាប់ផ្តើមការប្រកួត ក្នុងពានរង្វាន់ UEFA Euro ពូល F ដោយការប្រកួតដំបូងរបស់ពួកគេនឹងត្រូវប៉ះក្រុមតួកគីដែលជាក្រុមជើងខ្លាំងមួយផងដែរ។ 

យ៉ាងណាក្តី គ្រូបង្វឹកហ្សកហ្ស៊ី លោក Willy Sagnol បាននិយាយថា ក្រុមរបស់លោក នឹងមានការប្រកួតដ៏ពិបាកនៅចំពោះមុខ ប៉ុន្តែក្រុមក៏បានត្រៀមខ្លួនរួចរាល់ បន្ទាប់ពីការព្យាយាមក្នុងការស្វែងរកកៅអីមកកាន់ UEFA Euro ជាង៣ទសវត្សរ៍មកហើយ។

គ្រូបង្វឹកវ័យ ៤៧ឆ្នាំ បានថ្លែងមុនការប្រកួតដូច្នេះថា៖ “ វាជាការប្រកួដ៏ពិបាកនៅចំពោះមុខ ហើយវាជាអ្វីដែលយើងនិយាយជាមួយកីឡាករពេលយើងចាប់ផ្តើមធ្វើដំណើរមកទីនេះ។ ប៉ុន្តែខ្ញុំគិតថាពេលនេះកីឡាករពិតជាបានត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតហើយការផ្តោតលើការអនុវត្តនិងវិន័យរបស់ពួកគេ។ យើងមានភាពរីករាយរួចទៅហើយសម្រាប់ការមកកាន់ទីនេះ ហើយយើងនឹងព្យាយាមរក្សាភាពរីករាយនេះជាមួយក្រុមជានិច្ច។”

សូមបញ្ជាក់ថា ហ្សកហ្ស៊ី នឹងចាប់ផ្តើមការប្រកួតទល់នឹងតួកគី ក្នុងជំនួបបើកឆាក ពូល F ព្រឹត្តិការណ៍ UEFA Euro 2024 នាយប់នេះ ចាប់ពីវេលាម៉ោង ១១យប់តទៅ ដោយការប្រកួតក៏មានផ្សាយបន្តផ្ទាល់លើ MYTV និងហ្វេសប៊ុកផេក CBS Sports ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង