×

អាល្លឺម៉ង់ ទទួលស្គាល់ថា UEFA Euro 2024 នឹងជួយស្ដារវិស័យទេសចរណ៍ឡើងវិញ

ប្រទេសអាល្លឺម៉ង់ បានប៉ាន់ប្រមាណថា មានការកើនឡើងនៃប្រាក់ចំណូលដល់ ៤ ពាន់លានដុល្លារនិងទទួលភ្ញៀវទេសចរប្រមាណ៣លាននាក់ទៅទីក្រុងទាំង១០ នៃព្រឹត្តិការណ៍ UEFA Euro នាឆ្នាំ ២០២៤ ដែលខ្លួនជាម្ចាស់ផ្ទះ។ 

ប្រធានសមាគមទេសចរណ៍អាល្លឺម៉ង់ លោក Reinhard Meyer បានលើកឡើងថា Euro 2024 មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់អាល្លឺម៉ង់ក្នុងការស្តារវិស័យទេសចរណ៍ឡើងវិញផងដែរ។ ព្រឹត្តិការណ៍នេះនឹងមានឥទ្ធិពលវិជ្ជមានលើវិស័យសេដ្ឋកិច្ចដូចជា សណ្ឋាគារ និងលក់រាយជាដើម។ អាល្លឺម៉ង់គ្រោងនឹងស្វាគមន៍ភ្ញៀវចំនួន ៣លាននាក់ទៅកាន់ទីក្រុងចំនួន១០ សម្រាប់ Euro 2024 ហើយពួកគេនឹងចំណាយច្រើនលើអាហារ ការស្នាក់នៅ និងការកម្សាន្ត។ 

ការកក់សំបុត្រទៅកាន់អាល្លឺម៉ង់សម្រាប់ភ្ញៀវទេសចរអាស៊ីបានកើនឡើង បើធៀបទៅនឹងពេលវេលាមុន Euro 2024 ។ ទីក្រុង Frankfurt, Munich និង Cologne ជាគោលដៅដែលត្រូវបានកក់ទុកច្រើនបំផុតដោយភ្ញៀវទេសចរអាស៊ី។ 

បើទោះបីជាវិស័យទេសចរណ៍អាល្លឺម៉ង់រំពឹងថានឹងកើនឡើងក៏ដោយ ប៉ុន្តែប្រាក់ចំណូលពីទេសចរណ៍ក្នុងព្រឹត្តិការណ៍នេះ នឹងមិនរួមចំណែកច្រើនដល់សេដ្ឋកិច្ចប្រទេសទេ។ ជាក់ស្តែង សេដ្ឋកិច្ចអាល្លឺម៉ង់មិនរីកចម្រើនខ្លាំងទេ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០០៦ ហើយព្រឹត្តិការណ៍ Euro នៅឆ្នាំនេះក៏ត្រូវបានគេព្យាករថានឹងមិនខុសគ្នាប៉ុន្មានដែរ។ 

ការវិភាគបង្ហាញថា អ្នកគាំទ្របាល់ទាត់អន្តរជាតិប្រហែល ៦៥០ពាន់នាក់ ចង់ទៅកម្សាន្ត នៅអាល្លឺម៉ង់សម្រាប់ព្រឹត្តិកាណ៍ Euro ប៉ុន្តែភ្ញៀវទេសចរផ្សេងទៀត សម្រេចចិត្តមិនទៅព្រោះតម្លៃសណ្ឋាគារថ្លៃពេក។ តម្លៃបន្ទប់ជាមធ្យមនៅក្នុងទីក្រុងទាំង ១០ បានកើនឡើង ៥៧ភាគរយបើប្រៀបធៀបទៅនឹងខែមុន និងក្រោយព្រឹត្តិការណ៍ Euro ។  

ព្រឹត្តិការណ៍ UEFA Euro 2024 នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា។ ទីក្រុងដែលត្រូវរៀបចំការប្រកួត Euro 2024 ទាំង១០ រួមមានទីក្រុង Munich, Dortmund, Dusseldorf, Frankfurt, Gelsenkirchen, Hamburg, Leipzig, Stuttgart, Cologne និង Berlin ។

UEFA ដែលជាអ្នករៀបចំកម្មវិធី Euro ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីការប្រកួតកីឡាបាល់ទាត់នេះជាមួយនឹងប្រាក់ចំណូលរំពឹងទុកជាង ១ពាន់លានដុល្លារពីការលក់សំបុត្រ និងសិទ្ធិផ្សាយបន្តផ្ទាល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង