×

ទោះបានឈ្នះអូទ្រីស តែគ្រូបារាំងបង្ហាញការព្រួយបារម្ភពីបញ្ហារបួសរបស់ Kylian Mbappe

គ្រូបង្វឹក លោក Didier Deschamps បានបង្ហាញពីការព្រួយបារម្ភទៅលើបញ្ហារបួសរបស់ខ្សែប្រយុទ្ធ Kylian Mbappe ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានយកឈ្នះក្រុមអូទ្រីស ១-០ ក្នុងការប្រកួតបើកឆាកពូល D របស់ពួកគេ នៃព្រឹត្តិការណ៍ UEFA Euro 2024។

ការប្រកួតនាកីឡដ្ឋាន Düsseldorf Arena កាលពីយប់មិញ ក្រុមទាំង២មានការលេងល្អប្រហាក់ប្រហែលគ្នា តែ បារាំងនៅតែអាចនាំមុខបានមុនទៅលើអូទ្រីស ដោយការភ្លាត់អោយបាល់ចូលទីខ្លួនឯងរបស់ Maximilian Wöber នៅនាទី៣៨ មុនចប់វគ្គទី១។

នៅវគ្គទី២ ក្រុមទាំង២នៅតែវាយសម្រុកគ្នាជារឿយៗ តែមិនមានគ្រាប់បាល់ត្រូវស៊ុតបញ្ចូលទីទៀតនោះទេ។ យ៉ាងណា នៅចុងម៉ោង ប្រធានក្រុមបារាំង Kylian Mbappe បានព្យាយាមរកគ្រាប់បាល់ដោយការតែតប៉ុន្តែត្រូវបានប៉ះទង្គិចជាមួយស្មារបស់ខ្សែការពារក្រុមអូទ្រីស Kevin Danso ដែលធ្វើអោយ Mbappe រងរបួសច្រមុះហូរឈាមយ៉ាងខ្លាំង។ រូបគេត្រូវបានសង្គ្រោះមុនពេលប្តូរចេញជំនួសដោយ Olivier Giroud។ សម្រាប់នាទីដែលនៅសល់មិនមានការស៊ុតបញ្ចូលទីទៀតទេ គឺលទ្ធផលចប់ការប្រកួតបារាំង១ អូទ្រីស០។

ចំពោះបញ្ហារបួសរបស់ Kylian Mbappe បានបង្កជាក្តីបារម្ភ សម្រាប់គ្រូបង្វឹក លោក Didier Deschamps ដ្បិតលោកបានដាក់ក្តីសង្ឃឹមយ៉ាងខ្លាំង ទៅលើរូបគេ ក្នុងការជួយបារាំងនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំនេះ។

លោក Didier Deschamps បានបង្ហាញពីកង្វល់របស់លោកក្រោយចប់ការប្រកួតយ៉ាងដូច្នេះ “របួសរបស់ Mbappe មិនល្អទេ។ គេស្ថិតក្នុងស្ថានភាពអាក្រក់។ ខ្ញុំមិនដឹងទេ គេកំពុងស្ថិតនៅក្រោមការមើលថែរបស់គ្រូពេទ្យ។ វាមានភាពស្មុគស្មាញ ហើយសម្រាប់ពួកយើង។”

ដោយឡែក សម្រាប់ជ័យជំនះនេះ បារាំងឈរលេខ២ ក្នុងពូល D មាន ៣ពិន្ទុស្មើក្រុមកំពូលតារាងហូឡង់ ស្របពេលប៉ូឡូញ និង អូទ្រីស មាន០ពិន្ទុដូចគ្នា។ បារាំងនឹងត្រូវបន្តដំណើរទៅប៉ះក្រុមហូឡង់ នៅការប្រកួតជុំទី២ ពូល D នៅថ្ងៃទី២២ ខែមិថុនា ចំណែកអូទ្រីស នឹងបន្តទៅជួបក្រុមប៉ូឡូញ នៅថ្ងៃទី២១ ខែមិថុនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង