ខ្សែប្រយុទ្ធ Martin Adam របស់ក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី ទទួលបានការចាប់អារម្មណ៍ និងចំអកខ្លាំងពីអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ Euro 2024 នៅពេលរូបគេបង្ហាញខ្លួនក្នុងការប្រកួតទល់ស៊្វីស ជាមួយនឹងរូបរាងធាត់ និងដុះក្បាលពោះធំ។
ក្នុងនាមជាកីឡាករបម្រុង Martin Adam បានប្តូរចូលនៅនាទី៧៩ ជំនួស Milos Kerkez ក្នុងជំនួបបើកឆាកពូល A ដែលហុងគ្រីចាញ់ស្វ៊ីស ៣-១។ កីឡាករ វ័យ២៩ឆ្នាំ បានចាប់ភ្នែកអ្នកទស្សនាផ្ទាល់ភ្លាមៗ និងបានក្លាយជាប្រធានបទនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះរូបរាងធាត់កម្រមានក្នុងចំណោមកីឡាករបាល់ទាត់អាជីព និងជាពិសេសក្នុងព្រឹត្តិការណ៍កំពូលអឺរ៉ុប។
បង្ហាញខ្លួនលើទីលាន អ្នកគាំទ្រជាច្រើនបានស្រែកចំអកអោយ Martin Adam ដែលសព្វថ្ងៃជាសមាជិកក្លិប Ulsan Huyndai នៃលីគកំពូលកូរ៉េខាងត្បូង ថាជាកីឡាករលើសទម្ងន់ ខណៈអ្នកខ្លះទៀតចំអកថា កាយសម្បទារបស់គេគួរតែជាកីឡាករចំបាប់ ឬបាល់ឱប ជាងបាល់ទាត់។
បើតាមការចុះផ្សាយរបស់កាសែត Fanzword បន្ទាប់ពីការប្រកួតចប់ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចូលឆែកក្នុងអ៊ីនធឺណិត ដើម្បីរកព័ត៌មានបន្ថែមរបស់ Martin Adam។ Martin Adam ក៏ទទួលបានការចោទសួរពីអ្នកកាសែតផងដែរជុំវិញរូបរាងធាត់ និងដុះក្បាលពោះរបស់គេ ។ ខ្សែប្រយុទ្ធ Ulsan Huyndai រូបនេះ ឆ្លើយថា រូបគេពិតជាចូលចិត្តផឹកស្រាបៀរនៅផ្ទះមែន។
កីឡាករដែលមានកម្ពស់ ១៩១សង់ទីម៉ែត្រ និងទម្ងន់ជិត៩០គីឡូក្រមរូបនេះ ចាប់ផ្តើមអាជីពដំបូងជាមួយក្លិបនៃលីគកំពូលហុងគ្រី Vasas ដោយរកបាន ៣១គ្រាប់ ចន្លោះឆ្នាំ ២០១៣ ដល់ ២០១៩។ ពីឆ្នាំ ២០១៩ ដល់ ២០២០ Adam បានផ្លាស់ទៅចូលរួមជាមួយ Kaposvar ដោយស៊ុតបញ្ចូលទីបាន ១៤គ្រាប់។ សម្រាប់ការបង្ហាញខ្លួន៦៧ប្រកួតអោយ Ulsan Huyndai ចាប់ពីឆ្នាំ ២០២២មក Adam សម្រេចទីបាន ២៤គ្រាប់ផងដែរ៕