គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់លោក Roberto Martinez បានធ្វើការលើកសរសើរកូនក្រុមរបស់ខ្លួនយ៉ាងរីករាយ បន្ទាប់ពីពួកគេបានវាយបកយកឈ្នះក្រុមឆេក នៅក្នុងជំនួបបើកឆាកពូល F ពានរង្វាន់ UEFA Euro 2024 កាលពីយប់មិញ។
ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Red Bull Arena ក្រុមទាំងសងខាងមិនអាចរកគ្រាប់បាល់បាននោះទេនៅក្នុងវគ្គទី១។
នៅវគ្គទី២ ក្រុមឆេកបើទោះជារងការគាបសង្កត់ក៏ដោយ ប៉ុន្តែពួកគេបានឆក់បានឱកាសល្អដើម្បី ស៊ុតបញ្ចូលទី នាំមុខនៅនាទី ៦២ ដែលជាការធ្វើបានពីកីឡាករ Lukas Provod។ នៅនាទី ៦៩ ក្រុមព័រទុយហ្គាល់បានតាមស្មើវិញ ដោយបាល់ចូលទីខ្លួនឯងរបស់ Robin Hranac។ នាទី៨៧ Diogo Jota របស់ព័រទុយហ្កាល់បានស៊ុតបញ្ចូលទីទៅហើយ តែត្រូវបដិសេធថាបាល់ Off Side។ យ៉ាងណា ក្រុមជើងឯក Euro 2016 នៅតែអាចរកបានជ័យជំនះ ដោយ Chico Conceicao ស៊ុតបញ្ចូលទីនៅនាទី៩០+២ ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល ព័រទុយហ្កាល់ ២ ឆេក ១។
ជាមួយការធ្វើបានល្អបែបនេះ បានធ្វើអោយគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់លោក Roberto Martinez មានការសប្បាយរីករាយជាខ្លាំង ដោយថា កូនក្រុមបានបញ្ចេញគុណផលល្អបំផុតក្នុងការប្រកួតនោះ។
បុរសវ័យ ៥០ឆ្នាំ បានថ្លែងអោយដឹងក្រោយចប់ការប្រកួតដូច្នេះថា “ ខ្ញុំគិតថាយើងបានបង្ហាញគុណផលល្អសឹងមិនគួរអោយជឿ។ ហើយខ្ញុំចង់អរគុណពួកគេសម្រាប់ការធ្វើបានល្អបែបនេះ។ យើងមិនបាត់បង់ឱកាសដែលពួកគេបានបង្កើតនោះទេ។ ហើយខ្ញុំពិតជាចង់អោយពួកយើងរីកចម្រើនជាមួយគ្នាពេញមួយការប្រកួត។ ហើយយើងបានលេង ៩០ នាទីដ៏ល្អឥតខ្ចោះ ហើយនេះជាជំហានដែលយើងត្រូវធ្វើសម្រាប់ការប្រកួតបន្តទៀត។”
ដោយឡែក ការប្រកួត១គូទៀតក្នុងពូល F ជាមួយគ្នាគឺ តួកគី ឈ្នះ ហ្សកហ្ស៊ី ៣-១។
ដូច្នេះក្រុមតួកគី ឈរកំពូលតារាង តាមពីក្រោយដោយក្រុមព័រទុយហ្កាល់ មាន៣ពិន្ទុដូចគ្នាខណៈ ឆេក និង ហ្សកហ្ស៊ី មាន ០ពិន្ទុ។ ការប្រកួតជាបន្តគឺ ព័រទុយហ្កាល់ប៉ះទួរគី ហើយឆេកប៉ះហ្សកហ្ស៊ី នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ៕