គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ លោក Julian Nagelsmann បាននិយាយថា ការប្រកួតឈ្នះក្រុមជម្រើសជាតិហុងគ្រីកាលពីយប់មិញ គឺជាការបន្តក្តីសុបិនរបស់អ្នកគាំទ្រក្រុមឥន្ទ្រីយ៍ដែក នៅក្នុងព្រឹត្តិការណ៍ UEFA Euro 2024។
ជាការពិត ជំនួបជុំទី២ក្នុងពូល A ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ បានយកឈ្នះក្រុមហុងគ្រី ដោយលទ្ធផល ២-០ ។ គ្រាប់បាល់ទី១របស់អាល្លឺម៉ង់បានកើតឡើងនៅនាទី ២២ នៃវគ្គទី១ ដោយ Jamal Musiala ខណៈគ្រាប់បាល់ទី២ បានកើតឡើង ដោយ İlkay Gündoğan នៅនាទី៦៧ នៃវគ្គទី២។
ជ័យជំនះនេះបានធ្វើអោយក្រុមអាល្លឺម៉ង់ អាចត្រៀមខ្លួនក្នុងការឡើងទៅកាន់វគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប ដែលខ្លួនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ។ អាល្លឺម៉ង់បានឈ្នះពានរង្វាន់ UEFA Euro ជាលើកចុងក្រោយបំផុត តាំងពីឆ្នាំ ១៩៩៦។ យ៉ាងណា ការធ្វើបានល្អជាបន្តបន្ទាប់ក្នុងរយៈកាលចុងក្រោយនេះ បានធ្វើអោយក្រុមកីឡាករ ក៏ដូចជាអ្នកគាំទ្រ ក្រុមអាល្លឺម៉ង់ មានក្តីរំពឹងថា ពួកគេនឹងអាចឈ្នះពានរង្វាន់ ក្រោយខកខានអស់រយៈពេលជាយូរឆ្នាំ។
ស្របពេលជាមួយគ្នា គ្រូបង្វឹកអាល្លឺម៉ង់ លោក Julian Nagelsmann ក៏បាននិយាយលើកសរសើរពីការលេងល្អជាបន្តបន្ទាប់របស់កូនក្រុម និងថា ពួកគេមានភារកិច្ចក្នុងការធ្វើអោយក្តីសុបិន របស់អ្នកគាំទ្រឃើញក្រុមអាល្លឺម៉ង់ អាចលើកពានរង្វាន់កំពូលអឺរ៉ុបនៅឆ្នាំនេះ។
គ្រូបង្វឹកវ័យ ៣៦ឆ្នាំ បានថ្លែងក្រោយចប់ការប្រកួតដូច្នេះ “ យើងមានកីឡាករដែលមានបទពិសោធ និងមានសមត្ថភាពខ្ពស់ក៏ពិតមែន ប៉ុន្តែអ្នកប្រហែលជាមិនជឿទេថា អ្នកគាំទ្រ ជាកម្លាំងចិត្តដ៏ធំសម្រាប់ពួកយើង។ យើងបានឈ្នះក្រុមខ្លាំងដូចជាហុងគ្រី ក៏ដោយសារតែអ្នកគាំទ្រយើងបានជម្រុញទឹកចិត្តអោយយើងធ្វើបានល្អជាបន្តបន្ទាប់។ នេះជារឿងដ៏ពិសេសណាស់ ហើយអ្វីដែលយើងត្រូវតបស្នងអ្នកគាំទ្ររបស់យើងវិញ គឺការប្រឹងប្រែងធ្វើអោយបានល្អ និងបន្តក្តីសុបិនរបស់អ្នកគាំទ្រ ដែលចង់ឃើញយើងទទួលបានជោគជ័យ។”
សម្រាប់ការឈ្នះនេះ បានធ្វើអោយអាល្លឺម៉ង់ឈរកំពូលតារាងពូល A មាន ៦ពិន្ទុតាមពីក្រោយដោយស្វីសនៅលេខ២មាន៤ពិន្ទុ ខណៈស្កុតឡេននៅលេខ៣ មាន១ពិន្ទុ ហុងគ្រី មាន០ពិន្ទុ។
ការប្រកួតជុំទី៣ ដែលជាជំនួបបិទពូលធ្វើឡើងនៅថ្ងៃទី ២៣ ខែមិថុនា ដោយអាល្លឺម៉ង់ប៉ះស្វីស ហើយហុងគ្រី ប៉ះស្កុតឡេន៕