×

លោក Luis de la Fuente ថា ការប្រកួតរវាងអេស្ប៉ាញទល់នឹងអ៊ីតាលី នឹងជាការប្រកួតដ៏តានតឹងដូចវគ្គផ្តាច់ព្រ័ត្រ World Cup

គ្រូបង្វឹក លោក Luis de la Fuente បាននិយាយថា ការប្រកួតរវាងក្រុមអេស្ប៉ាញរបស់លោក ទល់នឹងក្រុមការពារជើងឯកអ៊ីតាលី នៅក្នុងជុំទី២ពូល B ពានរង្វាន់ UEFA Euro 2024 នឹងកា្លយជាការប្រកួតដ៏តានតឹងមួយ ដូចជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ World Cup ។

ក្រុមអេស្ប៉ាញកំពុងឈរកំពូលតារាងពូល B មាន៣ពិន្ទុស្មើពិន្ទុក្រុមអ៊ីតាលី។ ក្រុមទាំង២ អាចកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ប្រសិនបើក្រុមណាមួយឈ្នះ។ រីឯ ក្រូអាត និងអាល់បានី មាន១ពិន្ទុដូចគ្នា។

ការប្រជែងគ្នារវាងក្រុមអេស្ប៉ាញនិងក្រុមអ៊ីតាលីបានត្រលប់មកវិញ ហើយវានឹងជាការជួបគ្នាជាលើកទី៥ ក្នុងព្រឹត្តិការណ៍ Euro ខណៈ ពួកគេបានជួបគ្នា១០ដងក្នុងការប្រកួតធំៗ ដោយអ៊ីតាលីឈ្នះ៥ដងក្នុងចំណោមនោះ ហើយ៤ប្រកួតបញ្ចប់ដោយស្មើ។ ការបរាជ័យតែម្តងគត់របស់ក្រុមអ៊ីតាលី ក្នុងការប៉ះក្រុមអេស្ប៉ាញបានកើតឡើងក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2012 នៅពេលដែលអេស្ប៉ាញបានយកឈ្នះ ៤-០ ដើម្បីឈ្នះជើងឯកទ្វីបអឺរ៉ុប២លើកជាប់ៗគ្នា។

យ៉ាងណា សម្រាប់ការជួបគ្នាសាជាថ្មីនេះ គ្រូបង្វឹកអេស្ប៉ាញ លោក Luis de la Fuente ទទួលស្គាល់ថា វានឹងជាការប្រកួតដ៏តានតឹង ដោយជាគូប្រជែងចាស់ផង ហើយអ៊ីតាលីនឹងព្យាយាមអស់ពីសមត្ថភាព ព្រោះពួកគេជាក្រុមការពារតំណែងជើងឯកផង។ លោក Luis de la Fuente ក៏បានធ្វើការប្រៀបធៀបថា ភាពតានតឹងដ៏ខ្លាំងរវាងក្រុមទាំង២ អាចដូចជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោកដូច្នោះដែរ។

គ្រូបង្វឹកវ័យ ៦២ ឆ្នាំបានថ្លែងអោយដឹងមុនការប្រកួតចូលមកដល់ថា “អ៊ីតាលីជាក្រុមជើងខ្លាំងដែលយើងបានជួបប្រកួតគ្នាជាញឹកញាប់។ ក្រុមទាំង២ក្រុមមានប្រវត្តិសាស្ត្របាល់ទាត់ដ៏អស្ចារ្យដូចគ្នា ហើយយើងចង់ឈ្នះការប្រកួតដូចគ្នា។ ខ្ញុំគិតថា ការប្រកួតនេះ ពួកយើងនឹងប្រឹងប្រឹងរៀងខ្លួនណាស់ ហើយវានឹងជាការប្រកួតដ៏ជក់ចិត្តហើយមានភាពតានតឹងមែនទែន ប្រៀបដូចជាយើងកំពុងលេងវគ្គផ្តាច់ព្រ័ត្រ World Cup។ យ៉ាងណា យើងបានធ្វើការប្តេជ្ញាថា យើងនឹងតស៊ូដល់ទីបំផុត ហើយស្វែងរកជ័យជំនះអោយបាន។”

សូមបញ្ជាក់ថា ការប្រកួតរវាងអេស្ប៉ាញ និង អ៊ីតាលី ក្នុងជុំទី២ ពូល B ពានរង្វាន់ UEFA Euro 2024 នឹងធ្វើឡើងនាយប់នេះ ចាប់ពីវេលាម៉ោង២រំលងអាធ្រាត្រតទៅ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CTN CNC MYTV ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង