គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ លោក Luis De La Fuente បាននិយាយថា កូនក្រុមរបស់លោកបានបង្ហាញពីសមត្ថភាពលេងយ៉ាងល្អបំផុត ក្នុងសម័យលោកដឹកនាំបន្ទាប់ពីពួកគេបានយកឈ្នះក្រុមការពារជើងឯកអ៊ីតាលី ក្នុងការប្រកួតជុំទី២ ពូល B ពានរង្វាន់ UEFA Euro 2024 កាលពីយប់មិញ។
ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Veltins-Arena ក្រុមអេស្ប៉ាញបានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយអាចបង្កើតឱកាស និង គាបសង្កត់គូប្រជែងរបស់ខ្លួនជាច្រើនដង ប៉ុន្តែក្រុមអ៊ីតាលីក៏អាចការពារនិងវាយសម្រុកទៅវិញជារឿយៗ ដែលធ្វើអោយវគ្គទី១បញ្ចប់ដោយមិនមានគ្រាប់បាល់នោះទេ។
នៅវគ្គទី២ ការវាយសម្រុកដាក់គ្នារវាងក្រុមទាំងសងខាងនៅបន្តកើតឡើងយ៉ាងមមាញឹក ប៉ុន្តែនៅក្នុងនាទី៥៥ ខ្សែការពារអ៊ីតាលី Riccardo Calafiori បានព្យាយាមការពារបាល់ដែលតែតចេញពី ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata ប៉ុន្តែរូបគេបែរជាភ្លាត់ស្នៀតអោយបាល់ចូលទីខ្លួនឯងទៅវិញ ដែលធ្វើអោយក្រុមអេស្ប៉ាញនាំមុខអ៊ីតាលី។ នាទីដែលនៅសល់ ក្រុមទាំង២ នៅតែព្យាយាមស្វែងរកគ្រាប់បាល់បន្តទៀត ប៉ុន្តែមិនមានក្រុមណាអាចធ្វើបានសម្រេចនោះទេ ទើបលទ្ធផលចប់ការប្រកួត អេស្ប៉ាញ ១ អ៊ីតាលី ០។
ការធ្វើបានយ៉ាងល្អរបស់កូនក្រុមបានធ្វើអោយគ្រូបង្វឹក លោក Luis De La Fuente បង្ហាញការកោតសរសើរ និង រីករាយយ៉ាងខ្លាំង ព្រោះពួកគេអាចយកឈ្នះគូប្រជែងជើងចាស់ដូចជាអ៊ីតាលី និងថា ភាពខ្លាំងរបស់អេស្ប៉ាញបានត្រឡប់មកវិញក្នុងយុគសម័យដែលលោកដឹកនាំ។
គ្រូបង្វឹកវ័យ ៦២ឆ្នាំ បានថ្លែងអោយដឹងក្រោយចប់ការប្រកួតដូច្នេះ “ខ្ញុំមានមោទនភាពចំពោះកីឡាករខ្ញុំណាស់ មិនត្រឹមតែដោយសារពួកគេលេងបានយ៉ាងល្អ និង យកឈ្នះក្រុមជើងខ្លាំងអ៊ីតាលីនោះទេ ប៉ុន្តែពួកគេ បានបង្ហាញពីវិធីសាស្ត្រប្រកួតដូចដែលខ្ញុំចង់បាន ដើម្បីឈ្នះ។ វាពិតជាពិបាក និង តានតឹងសម្រាប់ពួកគេ ប៉ុន្តែពួកគេបានប្រើយុទ្ធសាស្ត្រដោះស្រាយយ៉ាងត្រឹមត្រូវ។ ភាពដ៏ល្អប្រសើរនេះបានធ្វើអោយខ្ញុំរីករាយបំផុត នៅក្នុងយុគសម័យដែលខ្ញុំបានដឹកនាំកីឡាករទាំងអស់នេះ ពួកគេបានបញ្ចេញភាពខ្លាំងរបស់ក្រុមត្រឡប់មកវិញ។”
សម្រាប់ជ័យជំនះនេះដែរ បានធ្វើអោយក្រុមអេស្ប៉ាញ អាចធានាកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024។ អេស្ប៉ាញបច្ចុប្បន្នមាន ៦ពិន្ទុ ឈរកំពូលតារាងពូល B ខណៈក្រុមការពារជើងឯកអ៊ីតាលី នៅលេខ២មាន៣ពិន្ទុ។ អាល់បានី និង ក្រូអាត មាន១ពិន្ទុដូចគ្នា។ ការប្រកួតបិទពូល B នឹងធ្វើឡើងនាថ្ងៃទី២៤ ខែមិថុនា ខាងមុខ ដោយអេស្ប៉ាញត្រូវប៉ះអាល់បានី ហើយអ៊ីតាលីប៉ះក្រូអាត៕