×

គ្រូអ៊ីតាលីសង្ឃឹមថា កូនក្រុមខ្លួននឹងធ្វើបានល្អបំផុត ពេលត្រូវប៉ះក្រូអាត ក្នុងជំនួបបិទពូល B ពានរង្វាន់ UEFA Euro 2024 យប់នេះ

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី លោក Luciano Spalletti បាននិយាយថា លោកចង់អោយកូនក្រុមរបស់លោក មានការប្រឹងប្រែង នឹងធ្វើអោយបានល្អបំផុត ពេលពួកគេត្រូវជួបជាមួយក្រុមជម្រើសជាតិក្រូអាត ក្នុងជំនួបបិទពូល B ពានរង្វាន់ UEFA Euro 2024 នាយប់នេះ។

ជាការពិត ក្រុមការពារតំណែងជើងឯកអ៊ីតាលី នឹងត្រូវជួបជាមួយក្រុមក្រូអាតក្នុងកីឡដ្ឋាន Red Bull Arena នាទីក្រុង Leipzig ដោយក្រុមទាំង២កំពុងសម្លឹងមើលជ័យជំនះរៀងៗខ្លួន។

ឆ្លងកាត់២ជុំក្នុងពូល B អេស្ប៉ាញមាន៦ពិន្ទុឈរកំពូលតារាង ខណៈអ៊ីតាលីមាន៣ពិន្ទុនៅលេខ២ អាល់បានី និង ក្រូអាត មាន១ពិន្ទុដូចគ្នា។ ដោយ កំពុងឈរក្នុងស្ថានភាពបែបនេះ ក្រុមអ៊ីតាលី ត្រូវព្យាយាមក្តាប់ឱកាសដើម្បីឈានទៅវគ្គ១៦ក្រុម នៅក្នុងការប្រកួតបិទពូល។

ក្រុមអេស្ប៉ាញបានឆ្លងផុតទៅវគ្គបន្តរួចហើយ ក្នុងនាមជាក្រុមជើងឯកក្នុងពូល ហើយក្រុមអ៊ីតាលីនឹងចូលរួមជាមួយអេស្ប៉ាញ ក្នុងនាមជាក្រុមជើងឯករងក្នុងពូល ប្រសិនបើពួកគេមិនចាញ់ក្រុមក្រូអាត។ យ៉ាងណាមិញ អ៊ីតាលីអាចនឹងត្រូវធ្វើដំណើរទៅផ្ទះវិញ បើពួកគេចាញ់ក្រូអាត ហើយអាល់បានីអាចធ្វើអោយអេស្ប៉ាញចាញ់ក្នុងការប្រកួតរបស់ពួកគេ។ ក្រូអាត ក៏នឹងអាចបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ប្រសិនបើពួកគេយកឈ្នះអ៊ីតាលី ហើយអាល់បានី បរាជ័យក្នុងការបំបាក់អេស្ប៉ាញ ដែលធ្វើអោយអ៊ីតាលីត្រូវធ្លាក់មកលេខ៣វិញ។

ដូច្នេះហើយ លោក Luciano Spalletti ដាក់ក្តីសង្ឃឹមថា កូនក្រុមនឹងយកការបរាជ័យក្រោមថ្វីជើងអេស្ប៉ាញ លើកមុនធ្វើជាមេរៀន ហើយនៅក្នុងការប្រកួតដែលចូលមកដល់ឆាប់ៗ កូនក្រុមនឹងប្រឹងប្រែងធ្វើអោយបានល្អបំផុត។

បុរសវ័យ ៦៥ ឆ្នាំ បានថ្លែងបែបនេះ “ខ្ញុំសង្ឃឹមថា កីឡាកររបស់ខ្ញុំនឹងរៀនសូត្រពីមេរៀនបរាជ័យលើកមុន ដែលយើងលេងមិនបានល្អ ហើយវាជាការចាញ់ដ៏ឈឺចាប់ណាស់។ នៅក្នុងការប្រកួតបន្តយើង យើងត្រូវប្រឹងប្រែងអោយកាន់តែខ្លាំង ព្រោះវាជាឱកាសដែលយើងអាចបង្ហាញពីភាពខ្លាំងរបស់យើង អោយស្ថិតនៅដដែល។”

សម្រាប់ ការប្រកួតជុំទី៣ ដែលជាជំនួបបិទពូល B រវាងក្រុមអ៊ីតាលី និង ក្រុមក្រូអាត នឹងធ្វើឡើងនាយប់នេះ ចាប់ពីវេលាម៉ោង២រំលងអាធ្រាតតទៅដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CTN។ រីឯការប្រកួតក្នុងពូល B មួយគូទៀត រវាង អេស្ប៉ាញ និង អាល់បានី ក៏នឹងធ្វើឡើងក្នុងពេលដំណាលគ្នាដែរ ដោយមានផ្សាយបន្តផ្ទាល់លើ MYTV និង CNC៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង