គ្រូបង្វឹកក្រុមជម្រើសជាតិហុងគ្រី លោក Marco Rossi បាននិយាយថា លោករំពឹងថា ក្រុមរបស់លោកនឹងទទួលបានសំណាងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024 ក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិស្កុតឡេន ទាំងប្រផុតប្រផើយ កាលពីយប់មិញ។
ជាការពិត ជំនួបជុំទី៣ ដែលជាជំនួបចុងក្រោយក្នុងពូល A រវាងក្រុមហុងគ្រី និង ស្កុតឡេន នាកីឡដ្ឋាន Stuttgart Arena បានបង្ហាញថា ក្រុមទាំង២បានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំង ដើម្បីស្វែងរកជ័យជំនះរៀងខ្លួនអោយខានតែបាន។ យ៉ាងណា ស្កុតឡេនហាក់មានប្រៀបជាង ទៅលើការគ្រប់គ្រងបាល់ ប៉ុន្តែហុងគ្រី ក៏នៅតែរក្សាសំណាញ់ទី បានល្អដូចគ្នា ដែលធ្វើអោយវគ្គទី១មិនមានការស៊ុតបាល់បានសម្រេចនោះទេ។
នៅវគ្គទី២ ការវាយសម្រុកពីសំណាក់កីឡាករក្រុមទាំងសងខាង នៅតែមានភាពសស្រាក់សស្រាំ ប៉ុន្តែក៏មិនទាន់អាចមានក្រុមណាអាចទម្លុះសំណាញ់បានដដែល។ ចុងម៉ោងនាទី៩០+១០ ស្រាប់តែ ខ្សែប្រយុទ្ធ Kevin Csoboth បានឆក់ឱកាសល្អ ស៊ុតបញ្ចូលទី ធ្វើអោយហុងគ្រីនាំមុខ១គ្រាប់។ នាទីដែលនៅសល់ ក្រុងទាំង២នៅតែប្រឹងប្រែង ប៉ុន្តែមិនមានគ្រាប់បាល់ត្រូវស៊ុតបញ្ចូលទីទៀតនោះទេ ដែលធ្វើអោយលទ្ធផលចប់ការប្រកួតគឺ ហុងគ្រី ១ ស្កុតឡេន ០។
ជ័យជំនះនេះ បានធ្វើអោយហុងគ្រី អាចរក្សាក្តីសង្ឃឹម ឡើងកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយកំពុងរង់ចាំមើលថា តើពួកគេអាចទទួលបានកៅអី ក្នុងនាមជាក្រុមលេខ៣ល្អ ក្នុងពូលឬទេ។
ទន្ទឹមនឹងនោះដែរ គ្រូបង្វឹកហុងគ្រី លោក Marco Rossi បានកោតសរសើរ ការប្រឹងប្រែងរបស់កីឡាករ ហើយលោកបានដាក់ក្តីរំពឹងថា ក្រុមនឹងទទួលបានសំណាង ឡើងទៅកាន់ជុំបន្ត។
គ្រូបង្វឹកវ័យ៥៩ឆ្នាំ បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះថា “កីឡាករបានប្រឹងប្រែងខ្លាំងណាស់ ហើយសំណាងបានមកខាងយើងនៅត្រឹមនាទី១០០ ដែលធ្វើអោយយើងអាចឈ្នះការប្រកួត។ ខ្ញុំសង្ឃឹមថា នេះជាសញ្ញាផ្តល់មកថា យើងនឹងនៅមានសំណាងក្លាយជាក្រុមលេខ៣ល្អ ដើម្បីទទួលបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។”
ដោយឡែក ការប្រកួត១គូទៀតក្នុងពូលជាមួយគ្នាគឺ អាល្លឺម៉ងស្មើគ្នាទល់នឹងស្វីស ១-១។
ដូច្នេះលទ្ធផលបញ្ចប់ពូល A គឺអាល្លឺម៉ង់ មាន៧ពិន្ទុ នៅលេខ១ ស្វីស លេខ២ មាន៥ ពិន្ទុ ដែល២ក្រុមនេះទទួលបានកៅអីទៅវគ្គ១៦ក្រុម ខណៈហុងគ្រីនៅលេខ៣ មាន៣ពិន្ទុ រង់ចាំអ៊ុតមើលការក្លាយជាក្រុមលេខ៣ល្អដើម្បីទទួលបានកៅអីដែរ រីឯស្កុតឡេនមានតែ១ពិន្ទុត្រូវហាលអាវត្រឹមនេះហើយ៕