×

ទឹកទន្លេសែន ធ្វើតេស្តឃើញកម្រិតកខ្វក់ខ្ពស់ខ្លាំង ខណៈព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ ជិតចូលមកដល់

ទឹកទន្លេសែន ទីក្រុងប៉ារីស នៅតែមានភាពកខ្វក់ខ្លាំង នៅពេលធ្វើតេស្តកាលពីពេលថ្មីៗនេះ ក្នុងការអនុញ្ញាតដល់ការប្រកួតប្រជែងប្រភេទវិញ្ញាសារកីឡាទ្រីយ៉ាត្លុង ក្នុងព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ និងព្រឹត្តិការណ៍ហែលទឹកបើកជំហរនានា ។

បើតាមសម្តីលោក Marc Guillaume អភិបាលតំបន់ប៉ារីសបានអោយដឹងថា “គំរូរបស់ទឹកទន្លេសែន មិនបានបំពេញតាមស្តង់ដារដែលយើងត្រូវការ និងមិនតម្រូវអោយមាននៅការប្រកួតរដូវកាលក្តៅ នាពេលខាងមុខនេះឡើយ។”

ទន្លេសែន នឹងត្រូវក្លាយជាទីតាំងសំខាន់មួយ សម្រាប់ការប្រកួតព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ។ របាយការណ៍នៃការធ្វើតេស្តរយៈពេល ១សប្តាហ៍ទៅលើគុណភាពទឹកទន្លេសែន ត្រូវបានបង្ហាញដោយអភិបាលតំបន់ប៉ារីស និងការិយាល័យអភិបាលក្រុង ដោយបានស្តីបន្ទោសកត្តាអាកាសធាតុ ភ្លៀងធ្លាក់ ដែលបង្កអោយកម្រិតកខ្វក់ មានបាក់តេរីជាច្រើន នៅតែកើតឡើងនៅក្នុងប្រព័ន្ធផ្លូវទឹកទន្លេសែន។

ដងទន្លេសែន ជាទីតាំងសំខាន់បំផុតមួយបន្ថែមទៀត សម្រាប់កម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិក ដែលនឹងត្រូវធ្វើនៅក្រៅកីឡដ្ឋានលើកដំបូង ដែលបានរៀបចំដោយម្ចាស់ផ្ទះបារាំង។

អាជ្ញាធរទីក្រុងប៉ារីស នៅតែសង្ឃឹមថា ទឹកទន្លេសែន និងប្រែមកជាសភាពស្អាតល្មម ដើម្បីអនុញ្ញាតអោយការប្រកួតដំណើរការទៅបាន នៅពេលព្រឹត្តិការណ៍មកដល់។

កាលពីខែសីហា ឆ្នាំ ២០២៣ ការប្រកួតហែលទឹកម៉ារ៉ាតុន ដើម្បីធ្វើតេស្តទឹកទន្លេសែន ធ្លាប់បានលុបចោលម្តងរួចមកហើយ ព្រោះតែបញ្ហាទឹកកខ្វក់នេះ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នឹងចាប់ផ្តើមដំណើរការ ចាប់ពីថ្ងៃទី ២៦ ខែក្កដា ដល់ ១១ ខែសីហា ខាងមុខ ដោយការប្រកួត ៣២៩វិញ្ញាសា លើកីឡា ៣២ប្រភេទ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង