គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក លោក Kasper Hjulmand បាននិយាយថា លោកចង់ឃើញ កូនក្រុមស្រែកច្រៀងដោយភាពរីករាយ បើសិនជាពួកគេអាចទទួលជ័យជំនះលើក្រុមសែប បន្ទាប់ពីទទួលបានលទ្ធផលស្មើ២ប្រកួត ក្នុងពូល C រួចមក។
ជាការពិត ក្រុមដាណឺម៉ាកនឹងត្រូវជួបជាមួយក្រុមសែប នៅក្នុងជំនួបជុំទី៣ ដែលជាការប្រកួតបិទពូល C នៃពានរង្វាន់ UEFA Euro 2024 នៅយប់នេះនាកីឡដ្ឋាន Allianz Arena ។ ២ប្រកួតដំបូងក្រុមដាណឺម៉ាក មានលទ្ធផលស្មើទាំង២ប្រកួត គឺស្មើស្លូវេនី ១-១ និង ស្មើអង់គ្លេស ១-១ ដដែល។
លទ្ធផលនេះធ្វើអោយដាណឺម៉ាក នៅឈរចំណាត់ថ្នាក់លេខ២ក្នុងពូល មាន ២ពិន្ទុ ស្មើពិន្ទុក្រុមស្លូវេនី ដែលនៅលេខ៣ ខណៈក្រុមសែបមានតែ១ពិន្ទុប៉ុណ្ណោះ ហើយអង់គ្លេសនៅកំពូលតារាងមាន៤ពិន្ទុ។ បើសិនជាទទួលបានជ័យជំនះទៅលើក្រុមសែប នោះក្រុមដាណឺម៉ាក នឹងធានាបានកៅអីទៅកាន់វគ្គ១១ក្រុមចុងក្រោយ តែម្តង។
ដូច្នេះហើយ គ្រូបង្វឹកដាណឺម៉ាក លោក Kasper Hjulmand បានធ្វើការលើកទឹកចិត្ត អោយកីឡាកររបស់លោកមានការប្រឹងប្រែងនៅក្នុងការប្រកួត នឹងអាចស្វែងរកជ័យជំនះជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ UEFA Euro 2024 នេះ។
បុរសវ័យ ៥២ឆ្នាំ បានថ្លែងអោយដឹងមុនការប្រកួតចូលមកដល់ថា “យើងដឹងថា ការប្រកួតនឹងមានភាពតានតឹង ក្រុមសែបនឹងលេងអោយពីសមត្ថភាពរបស់ពួកគេ។ ប៉ុន្តែ ក្រុមរបស់យើងចង់បន្តការប្រកួតទៅវគ្គជ្រៅៗទៀត ដូច្នេះយើងក៏នឹងប្រឹងប្រែងយ៉ាងខ្លាំងដូចគ្នា។ យើងមានលទ្ធផលស្មើគ្នា ២លើកមកហើយ នៅក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែការប្រកួតចុងក្រោយក្នុងពូល ខ្ញុំចង់ឃើញកីឡាកររបស់ខ្ញុំស្រែកច្រៀងដោយរីករាយ ព្រោះតែយើងបានឈ្នះ ហើយខ្ញុំគិតថា យើងអាចធ្វើរឿងនេះបាន។”
សូមបញ្ជាក់ថា ការប្រកួតរវាង ដាណឺម៉ាក និង សែប ក្នុងជំនួបបិទពូល C នឹងធ្វើឡើងនាយប់នេះ ចាប់ពីវេលាម៉ោង ២រំលងអាធ្រាត្រ តទៅ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CTN។ ក្នុងពេលដំណាលគ្នានោះ ក៏មានការប្រកួត១គូទៀតក្នុងពូល C ដែរ រវាងអង់គ្លេស និង ស្លូវេនី ដោយមានផ្សាយបន្តផ្ទាល់លើ MYTV និង CNC៕