ក្លិប Olympique de Marseille បានឈានដល់កិច្ចព្រមព្រៀងក្នុងការនាំយកលោក Roberto De Zerbi មកកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ខ្លួន។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Ligue 1។
បុរសសញ្ជាតិអ៊ីតាលី វ័យ៤៥ឆ្នាំ បានចាកចេញពីក្លិប Brighton នៅក្របខណ្ឌ Premier League ក្រោយដឹកនាំាំក្លិបបាន២ឆ្នាំ។
សម្រាប់ការទៅកាន់ការងារនៅទឹកដី Stade Vélodrome លោក Roberto De Zerbi នឹងមកជំនួសតំណែងលោក Jean-Louis Gasset ដែលបានចូលនិវត្តន៍ ក្រោយចប់រដូវកាល។
លោក Roberto De Zerbi បានចូលរួមជាមួយក្លិប Brighton ក្រោយចាកចេញពីក្លិបអ៊ុយក្រែន Shakhtar Donetsk នៅក្នុងឆ្នាំ២០២២ ដោយចុះកិច្ចសន្យារយៈពេល៤ឆ្នាំ។ លោកបានជួយ Brighton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ នៅក្របខណ្ឌ Premier League រដូវកាល ២០២២-២៣ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតរបស់ក្លិបធ្លាប់ទទួលបាន រួមទាំងកៅអីទៅលេងពានរង្វាន់អឺរ៉ុប UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ រីឯនៅរដូវកាល ២០២៣-២៤ កន្លងទៅ លោក Roberto De Zerbi បានដឹកនាំក្លិបបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១១ នៅលីគកំពូលអង់គ្លេស មុនពេលព្រមព្រៀងបញ្ចប់កុងត្រាជាមួយក្លិប Brighton។
សម្រាប់ក្លិប Marseille បានបញ្ចប់ការប្រកួតក្របខណ្ឌ Ligue 1 រដូវកាលមុន ក្នុងចំណាត់ថ្នាក់លេខ៨ ដែលចំណាត់ថ្នាក់ទាបបំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ ២០១៦មក។ Marseille សង្ឃឹមថា ការនាំយក Roberto De Zerbi មកដឹកនាំ នឹងអាចជួយស្រោចស្រង់ ស្ថានភាពរបស់ក្លិប អោយមានភាពល្អប្រសើរជាងមុន៕