×

គណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) មកបំពេញទស្សនកិច្ចនៅក្រុមហ៊ុន Cambodian Broadcasting Service (CBS)

ភ្នំពេញ៖ ក្រុមហ៊ុន Cambodian Broadcasting Service ហៅកាត់ថា CBS ដែលជាបុត្រសម័្ពន្ធមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូគណៈគ្រប់គ្រង និងឥស្សរជនមកពីសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ឬហៅកាត់ថា IBC នៅក្នុងដំណើរបំពេញទស្សនកិច្ចមកកាន់ក្រុមហ៊ុន CBS នៅថ្ងៃអង្គារនេះ។

ដំណើរទស្សនកិច្ចនាពេលនេះ អនុញ្ញាតឱ្យសមាជិករបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា IBC មានឱកាសចូលរួមសិក្សាស្វែងយល់អំពីភាពដ៏សម្បូរបែបរបស់ប្រព័ន្ធផ្សព្វផ្សាយ CBS។ ជាពិសេស គណៈប្រតិភូធុរកិច្ចអន្តរជាតិ ក៏មានឱកាស ក្នុងការចូលរួមកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ ជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន CBS លោក David Ulmer ដោយទទួលបាននូវចំណេះដឹង និងការយល់ដឹងដោយផ្ទាល់ អំពីដំណើរការនៃប្រតិបត្តិការផ្សាយ និងភាពច្នៃប្រឌិតស្ថិតនៅពីក្រោយនៃមាតិកាដ៏ទាក់ទាញនានា សម្រាប់អ្នកគាំទ្រនៅកម្ពុជា។

បន្ទាប់ពីកិច្ចពិភាក្សាគ្នាយ៉ាងទូលំទូលាយ គណៈសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា IBC បានទស្សនកិច្ចនៅក្នុងបរិវេណ និងស្ទូឌីយ៉ូនីមួយៗនៅក្នុងស្ថានីយរបស់ក្រុមហ៊ុន CBS ។ ដំណើរទស្សនកិច្ចក្នុងស្ថានីយនាពេលនេះ ផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យផ្សេងៗរបស់ស្ថានីយ CBS រួមទាំងអនុញ្ញាតឱ្យក្រុមការងារសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានជ្រាបដោយផ្ទាល់នូវដំណើរការដ៏សម្បូរបែបនៅពីក្រោយការបង្កើតកម្មវិធីនានា ។

ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅជាមួយនឹងបទពិសោធន៍យ៉ាងពិសេសៗជាច្រើន រួមជាមួយនឹងនឹងការទស្សនាដោយផ្ទាល់នូវកម្មវិធី “MasterChef Cambodia” ជាកម្មវិធីធ្វើម្ហូបដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសដ៏ពិសេសនេះ ក៏បានផ្តល់ជូនគណៈប្រតិភូ IBC ស្វែងយល់ជុំវិញការផលិតនូវព្រឹត្តិការណ៍ព័ត៌មានជាតិ និងបង្ហាញអំពីកម្មវិធីកម្សាន្តដ៏ទាក់ទាញរបស់ប្រព័ន្ធផ្សព្វផ្សាយ CBS។

លើសពីនេះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ក៏ជំរុញឱ្យមានកិច្ចសហការដ៏មានតម្លៃជាទីបំផុត រវាងប្រព័ន្ធផ្សព្វផ្សាយឈានមុខគេនៅកម្ពុជា ជាមួយនឹងក្រុមថ្នាក់ដឹកនាំធុរកិច្ចដ៏លេចធ្លោ។ គណៈសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា IBC ក៏ទទួលបានឱកាសយ៉ាងពិសេស ក្នុងការសិក្សាស្វែងយល់ពីប្រសិទ្ធភាពដ៏អស្ចារ្យ និងឥទ្ធិពលរបស់ប្រព័ន្ធផ្សព្វផ្សាយឈានមុខនៅកម្ពុជា អមដោយការពង្រឹងទំនាក់ទំនង និងជំរុញចំពោះការយល់ដឹងកាន់តែស៊ីជម្រៅរវាងសហគមន៍ធុរកិច្ចអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ CBS។

សូមបញ្ជាក់ថា ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុន Cambodian Broadcasting Service(CBS) ត្រូវបានទទួលស្គាល់ថាជាបណ្តាញផ្សព្វផ្សាយនាំមុខគេ និងមានបទដ្ឋានច្នៃប្រឌិតខ្ពស់ក្នុងវិស័យទូរទស្សន៍នៅកម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន CBS បានខិតខំយ៉ាងខ្លាំងក្លា ក្នុងការបម្រើចំណីចក្ខុ និងចំណេះដឹងដល់ពលរដ្ឋកម្ពុជា តាមរយៈការផ្តល់កម្មវិធីផ្សាយលំដាប់អន្តរជាតិ ដែលនាំមកជូននូវទស្សនីយភាពកម្សាន្ត ការអប់រំ និងការបំផុសគំនិតផ្សេងៗ។ បន្ថែមពីនេះ ក៏រួមមានកម្មវិធីកម្សាន្ត ព័ត៌មាន និងចំណេះដឹងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់អ្នកទស្សនាជាង ១៥លាននាក់នៅលើកញ្ចក់ទូរទស្សន៍ និងតាមបណ្តាញផ្សព្វផ្សាយឌីជីថល ដូចជា CTN, MyTV, CNC, CBS Sports និង CBS Digital ដោយធើ្វឱ្យ CBS ក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលមានអ្នកទស្សនាច្រើនបំផុតក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន CBS ក៏ជាអ្នកឧបត្ថម្ភ និងជាដៃគូដ៏ធំមួយរបស់មូលនិធិកុមារកម្ពុជា (CCF) និងអង្គការមូលនិធិផ្កាយសមុទ្រឥណ្ឌូចិន (ISF) រួមទាំងបើកចំហរសម្រាប់ជំនួយសប្បុរសធម៌ដោយមិនប្រកាន់ជំនឿសាសនា ដែលជំរុញលើកកម្ពស់សិទ្ធិអំណាចរបស់កុមារ និងពលរដ្ឋក្រីក្រនៅកម្ពុជា ដើម្បីការផ្លាស់ប្តូរជីវិតជាវិជ្ជមាន ដោយផ្តល់ការអប់រំប្រកបដោយគុណភាព សេវាសុខាភិបាលល្អប្រសើ និងឱកាសផ្សេងៗទៀតនៅក្នុងសង្គម ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង