គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់លោក Roberto Martinez បាននិយាយថា លោកនឹងបន្តដាក់ខ្សែប្រយុទ្ធ Cristiano Ronaldo ចូលលេងក្នុងការប្រកួតទល់នឹងហ្ស៊កហ្ស៊ី ក្នុងការប្រកួតជុំទី៣ ពូល F ពានរង្វាន់ UEFA Euro 2024 នាយប់នេះ។
ជាការពិត ក្រុមព័រទុយហ្កាល់ បានធានាកៅអី ទៅកាន់វគ្គ១៦ក្រុមចុងក្រោយ រួចរាល់ហើយ ដោយពួកគេកំពុងឈរកំពូលតារាងពូល F មាន ៦ពិន្ទុ ក្រោយឈ្នះ២ប្រកួតដំបូងគឺឈ្នះ ឆេក ២-១ និង ឈ្នះទួរគី ៣-០ ដោយការប្រកួតទាំង២នេះសុទ្ធតែមានវត្តមានប្រធានក្រុមចាស់វស្សា វ័យ ៣៩ឆ្នាំ។
ទោះយ៉ាងណា លោក Roberto Martinez នៅតែចង់ដាក់ Cristiano Ronaldo អោយចូលលេងក្នុងជំនួបទល់នឹង ហ្ស៊កហ្ស៊ីទៀត ដោយលោកអះអាងថា មិនចង់ប្រថុយក្នុងការបញ្ចប់ភាពល្អប្រសើរ គឺការឈ្នះជាប់ៗគ្នារបស់ក្រុមព័រទុយហ្កាល់ ដោយការអោយកីឡាករសំខាន់ៗជាច្រើនសម្រាកនោះទេ។
ជុំវិញរឿងនេះ លោក Roberto Martinez បានអោយដឹងថា “ទោះយើងបានធានាកៅអីទៅកាន់ជុំបន្តក៏ពិតមែន ប៉ុន្តែ វាមានសារៈសំខាន់ក្នុងការបន្តដាក់កីឡាករសំខាន់ៗរបស់យើង ដូចជា Cristiano Ronaldo ក្នុងការប្រកួតជាបន្ត ព្រោះយើងចង់ឃើញលទ្ធផលល្អឥតខ្ចោះរបស់ក្រុម។ មួយវិញទៀត ការមានវត្តមានរបស់កីឡាករសំខាន់ៗទាំងនេះ ធ្វើអោយក្រុមរបស់យើងអាចផ្តោតអារម្មណ៍ និង រក្សាទម្រង់លេងកាន់តែល្អប្រសើរ ហើយនេះជាអ្វីដែលយើងចង់រក្សាទុកសម្រាប់ការប្រកួតវគ្គបន្តៗទៀត។”
សូមបញ្ជាក់ថា ការប្រកួតបិទពូល F រវាង ព័រទុយហ្កាល់ និងហ្សកហ្ស៊ី នឹងធ្វើឡើងនាយប់នេះចាប់ពីវេលាម៉ោង ២រំលងអាធ្រាត្រតទៅ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ MYTV និង CNC។ ការប្រកួត១គូទៀតក្នុងពូល F រវាងឆេក និង ទួរគី ក៏នឹងធ្វើឡើងក្នុងពេលជាមួយគ្នាដែរ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CTN៕