ក្លិប AS Roma បានប្រកាសថា គ្រូបង្វឹក លោក Daniele De Rossi បានចុះហត្ថលេខាលើបន្លាយកិច្ចសន្យាដែលនឹងរក្សាអតីតខ្សែបម្រើក្រុមអ៊ីតាលីរូបនេះនៅជាមួយក្លិប រហូតដល់ឆ្នាំ ២០២៧។
បន្ទាប់ពីបានចំណាយពេល ១៨ រដូវកាលក្នុងនាមជាកីឡាករជាមួយ AS Roma បុរសវ័យ ៤០ ឆ្នាំបានបន្តរួមរស់ជាមួយក្លិបនៅលីគកំពូលអ៊ីតាលីមួយនេះ ក្នុងនាមជាគ្រូបង្វឹក ដោយចូលកាន់តំណែង កាលពីខែមករា ឆ្នាំ២០២៤ ដោយមានកិច្ចព្រមព្រៀងដែលដំណើរការរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៣-២៤។
ការមកកាន់តំណែងនាទឹកដី Olimpico នេះ លោក Daniele De Rossi បានជំនួសតំណែងលោក Jose Mourinho ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លិបទួរគី Fenerbahce ដោយលោកបានជួយក្លិប Roma បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងក្របខណ្ឌ Serie A កាលពីរដូវកាលមុន។
កាលពីខែមេសា Roma បាននិយាយថា លោក De Rossi នឹងបន្តក្នុងនាមជាគ្រូបង្វឹករបស់ពួកគេសម្រាប់រដូវកាលក្រោយ និង អនាគតដែលរំពឹងទុក ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីរយៈពេលនៃកិច្ចសន្យារបស់លោកទេ។
យ៉ាងណា ពេលនេះ AS Roma បានចេញមុខបញ្ជាក់ពីអនាគតរបស់លោក De Rossi ដែលមានអនាគតយូរអង្វែងជាមួយក្លិប។
លោក De Rossi ទើបតែមានបទពិសោធដឹកនាំ ក្លិបចំនួន២ប៉ុណ្ណោះ គឺចាប់ផ្តើមដឹកនាំក្លិប SPAL នៅលីគទី៣ អ៊ីតាលី ពីឆ្នាំ ២០២២-២០២៣ និង បន្តមកដឹកនាំក្លិប AS Roma នេះ។ ការដឹកនាំ AS Roma លោក Daniele De Rossi បានជួយក្លិបឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League តែបានចាញ់ក្លិបម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bayer Leverkusen ៕