×

គ្រូបារាំងសរសើរការតស៊ូរបស់ Kylian Mbappe ទោះមានការរំខានដោយត្រូវពាក់ម៉ាសចូលរួមការប្រកួតក្តី

គ្រូបង្វឹក លោក Didier Deschamps បានធ្វើការលើកសរសើរពីការតស៊ូរបស់ខ្សែប្រយុទ្ធ Kylian Mbappe ដែលទោះបីជាមានបញ្ហារបួសមុខ ហើយត្រូវជួបការរំខានដោយត្រូវពាក់ម៉ាសដើម្បីចូលរួមការប្រកួតក្តី ប៉ុន្តែរូបគេនៅតែព្យាយាមជួយក្រុមរហូតទទួលបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024។

ជាការពិត បារាំង បានទទួលកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024 ក្រោយបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ទល់នឹងក្រុមប៉ូឡូញ នៅក្នុងជំនួបបិទពូល D ដែលធ្វើឡើងកាលពីយប់មិញ នាកីឡដ្ឋាន Signal Iduna Park ។ ការប្រកួតវគ្គទី១ មិនមានការស៊ុតបញ្ចូលទីទេ រវាងក្រុមទាំងសងខាង ។ យ៉ាងណា នៅវគ្គទី២នាទី ៥៦ ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបាល់ពិន័យ១១ម៉ែត្រផ្តល់ការនាំមុខមុនអោយបារាំង។ តែនាទី៧៩ខ្សែប្រយុទ្ធ Robert Lewandowski ក៏ស៊ុតបាល់ពិន័យ១១ម៉ែត្រតាមស្មើវិញ។ លទ្ធផល ១-១ បន្តដល់ចប់ការប្រកួត។

ការប្រកួតនេះ Kylian Mbappe បានត្រូវពាក់ម៉ាសចូលទីលានព្រោះរូបគេមានបញ្ហារបួសបាក់ក្តោងច្រមុះក្រោយប៉ះទង្គិចជាមួយកីឡាករ Kevin Danso កាលពីជំនួបទល់នឹងក្រុមអូទ្រីស។ បែបនេះក្តី កីឡាករវ័យ២៥ឆ្នាំ នៅព្យាយាមជួយក្រុមបារាំង រហូតអាចឡើងទៅវគ្គបន្តបាន។ ការលះបង់របស់ Kylian Mbappe បានធ្វើអោយគ្រូបង្វឹក លោក Didier Deschamps មានការកោតសរសើរ និងមានធូរស្រាលពីស្ថានភាពល្អប្រសើរនៃរបួសរបស់គេផងដែរ។

លោក Deschamps បានថ្លែងអោយដឹងក្រោយចប់ការប្រកួតថា “រឿងដែល Mbappe ជួបប្រទះ ពិតជាលំបាកសម្រាប់គេ។ គេត្រូវជួយក្រុមទាំងមានរបួស ហើយត្រូវពាក់ម៉ាសដែលមានការរំខាន ថែមទៀត ។ ខ្ញុំពេញចិត្តចំពោះការព្យាយាមរបស់គេ និងមហិច្ឆតារបស់គេ ដែលបានជួយក្រុមរហូតអាចឡើងទៅវគ្គបន្តបាន។”

ដោយឡែក ការប្រកួត១គូទៀតគឺអូទ្រីសឈ្នះហូឡង់ ៣-២។

លទ្ធផលក្នុងពូល D គឺ អូទ្រីសមាន៦ពិន្ទុឈរកំពូលតារាង បារាំងមាន៥ពិន្ទុ នៅលេខ២ ដែល២ក្រុមនេះនឹងត្រូវឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ហូឡង់នៅលេខ៣មាន៤ពិន្ទុ និងជាក្រុមលេខ ៣ល្អ មានភាគរយខ្ពស់ជាងគេ ចំណោម ៤ក្រុម រីឯប៉ូឡូញនៅបាតតារាងធ្លាក់ចេញពីការប្រកួតហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង