×

គ្រូរូម៉ានីថាខ្លួនមានមោទកភាពបំផុតដែលក្រុមបានឡើងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Euro 2024

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិរូម៉ានី លោក Edward Iordanescu បាននិយាយថា លោកមានក្តីសប្បាយរីករាយ និងមោទកភាពបំផុត ដែលក្រុមរបស់លោក បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតពានរង្វាន់ UEFA Euro 2024។

ជាការពិត រូម៉ានី បានឡើងទៅជុំបន្តនៃការប្រកួតបាល់ទាត់ពានរង្វាន់ទី្វបអឺរ៉ុប ដោយឈរកំពូលតារាងពូល E ក្រោយបញ្ចប់ដោយលទ្ធផលស្មើ ១-១ ទល់នឹងក្រុមស្លូវ៉ាគី នៅក្នុងជំនួបបិទពូលកាលពីយប់មិញ។

ជំនួបនាទីលាន Deutsche Bank Park ក្រុមទាំងបានវាយសម្រុកគ្នាយ៉ាងជក់ចិត្ត ហើយលេងបាន២៤នាទី ស្លូវ៉ាគីបាននាំមុខមុន ដោយការតែតបញ្ចូលរបស់ Ondrej Duda។ យ៉ាងណា នាទី ៣៧ Răzvan Marin បានទាត់បាល់ពិន័យ១១ម៉ែត្រ តាមស្មើអោយរូម៉ានីវិញ មុនចប់វគ្គទី១។

នៅវគ្គទី២ មិនមានគ្រាប់បាល់ត្រូវទាត់បញ្ចូលទីទៀតទេ ទើបលទ្ធផល ១-១ បានបន្តដល់ចប់ការប្រកួត។ លទ្ធផលនេះ បានធ្វើអោយរូម៉ានី បំបែកកំណត់ត្រាជាក្រុមកំពូលតារាងលើកដំបូង នៅការបង្ហាញខ្លួនលើកទី៦ ព្រឹត្តិការណ៍ UEFA Euro និងជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ ដែលឡើងដល់វគ្គខ្វែង។ ការធ្វើបានយ៉ាងល្អនេះ បានធ្វើអោយគ្រូបង្វឹក រូម៉ានី លោក Edward Iordanescu បង្ហាញពីភាពរីករាយ ដែលកីឡាករខ្លួនអាចសាងប្រវត្តិសាស្ត្រនាយុគសម័យថ្មី។

លោក Edward Iordanescu បានថ្លែងអោយដឹងក្រោយចប់ការប្រកួតបែបនេះ “ ខ្ញុំមិននឹកស្មានថាកីឡាកររបស់ខ្ញុំអាចសាងប្រវត្តិសាស្ត្ររបស់ក្រុមបានដូច្នេះទេ។ ពួកគេបានធ្វើការយ៉ាងខ្លាំងហើយប្រកួតអស់ពីសមត្ថភាព អស់ពីបេះដូង។ នេះជាអ្វីដែលខ្ញុំរីករាយនិងមានមោទនភាព ហើយយើងក៏កំពុងរំពឹងការធ្វើបានល្អនៅក្នុងការប្រកួតបន្តទៀត។”

សម្រាប់ការប្រកួត១គូទៀតក្នុងពូល E គឺ អ៊ុយក្រែន ស្មើគ្នាទល់នឹងបែលហ្ស៊ីក ០-០។

លទ្ធផលក្នុងពូល E គឺ រូម៉ានី ឈរកំពូលតាង បែលហ្ស៊ីក នៅលេខ២ និង ស្លូវ៉ាគីនៅលេខ៣ មាន៤ពិន្ទុស្មើគ្នា ដោយ៣ក្រុមនេះ បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយដូចគ្នា រីឯអ៊ុយក្រែនត្រូវហាលអាវត្រឹមនេះ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់បាតតារាង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង