ខ្សែបម្រើ Phil Foden បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិអង់គ្លេស ដែលកំពុងបំពេញភារកិច្ចក្នុងព្រឹត្តិការណ៍ UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់ ដើម្បីទៅកាន់ផ្ទះរបស់គេនៅប្រទេសអង់គ្លេស ដោយសារតែប្រពន្ធបានសម្រាលកូនទី៣។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាគមបាល់ទាត់អង់គ្លេស FA បាននិយាយថា កីឡាករវ័យ ២៤ ឆ្នាំរបស់ក្លិប Man City ត្រូវការត្រឡប់ទៅផ្ទះវិញ ដោយសារតែមានធុរៈគ្រួសារចាំបាច់ ។
យ៉ាងណា ក្រុមអង់គ្លេសសង្ឃឹមថា Phil Foden អាចនឹងអាចវិលត្រឡប់មកជួយក្រុមវិញបានទាន់ពេលវេលា សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយដែលនឹងត្រូវប៉ះក្រុមជម្រើសជាតិ ស្លូវ៉ាគី នាថ្ងៃអាទិត្យនេះ។
Phil Foden និងប្រពន្ធរបស់គេនាង Rebecca Cooke មានកូនចំនួន២នាក់រួចហើយ ដោយកូនប្រុមឈ្មោះ Son Ronnie មានអាយុ៥ឆ្នាំនិងកូនស្រីឈ្មោះ True មានវ័យ២ឆ្នាំ។
កីឡាករដែលបានបង្ហាញខ្លួន ៣៧ដង និងស៊ុតបាន៤គ្រាប់អោយក្រុមអង់គ្លេសរូបនេះ គឺជាកីឡាករម្នាក់ដ៏សំខាន់របស់ក្រុមតោកំណាចដែលមិនអាចខ្វះបាន ក្នុងនាមជាខ្សែបម្រើស្លាបឆ្វេង។
កាលពីវគ្គជម្រុះក្នុងពូល C នៃព្រឹត្តិការណ៍ UEFA Euro 2024 កន្លងទៅ Phil Foden បានបង្ហាញខ្លួននៅគ្រប់ការប្រកួត ដោយជួយក្រុមឈរលេខ១ក្នុងពូលហើយឡើងទៅកាន់វគ្គបន្តដោយជោគជ័យ៕